ការធ្វើសមយុទ្ធយោធារួមគ្នាលើកទី១១ រវាង ហ្វីលីពីន និងសហរដ្ឋអាមេរិក នៅតំបន់ថ្មប៉ប្រះទឹកសមុទ្រចិនខាងត្បូង មិនមែនគ្រាន់តែជាការសម្ញែងសាច់ដុំធម្មតានោះទេ ប៉ុន្តែវាគឺជាសញ្ញាណនៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ យ៉ាងសំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាសារព្រមានយុទ្ធសាស្ត្រទៅកាន់ទីក្រុងប៉េកាំងដូចគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ ម្សិលមិញនេះ។

ព្រឹត្តិការណ៍នេះបានបង្ហាញពីវត្តមាននាវាចម្បាំងហ្វីលីពីន Antonio Luna, នាវាល្បាតឆ្នេរសមុទ្រហ្វីលីពីន ព្រមទាំងយន្តហោះយោធាពីរគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង។ ចំណែកឯបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានដាក់ពង្រាយនាវា John Finn ដែលជានាវាបំផ្លាញមីស៊ីលប្រភេទ Arleigh Burke-class (ដែលទើបតែបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីពីរសប្តាហ៍មុន) និងឧទ្ធម្ភាគចក្រ MH-60R Seahawk មួយគ្រឿង។
ការដាក់ពង្រាយនាវាបំផ្លាញមីស៊ីលប្រភេទ Arleigh Burke-class (អាលេប៊ើកក្លាស់) របស់សហរដ្ឋអាមេរិក អមដោយនាវាហ្វ្រ៊ីហ្គេត (Frigate) របស់ហ្វីលីពីន គឺជាការធ្វើតេស្តលើ សមត្ថភាពប្រតិបត្តិការរួមគ្នារវាងសម្ព័ន្ធភាពម៉ានីល-វ៉ាស៊ីនតោន ។ ក្នុងភាសាយោធា នេះគឺជាការបង្កើនការយល់ដឹងពីដែនសមុទ្រ ដែលអនុញ្ញាតឱ្យកងទ័ពទាំងពីរអាចធ្វើសមកាលកម្មទិន្នន័យយុទ្ធសាស្ត្រ និងការឆ្លើយតបចំពោះការគំរាមកំហែងក្នុងពេលជាក់ស្តែង។
យ៉ាងណាមិញ ក្រោមរដ្ឋបាលលោក Ferdinand Marcos Jr., ហ្វីលីពីនបានបោះបង់ចោលនូវនយោបាយមិនច្បាស់លាស់ ហើយងាកមកប្រើប្រាស់សន្ធិសញ្ញាការពារគ្នាទៅវិញទៅមកធ្វើជាខែលការពារ។ ការធ្វើសមយុទ្ធនៅក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខដែលមានជម្លោះ គឺជាការបោះបង្គោលសីមាខាងនយោបាយ ដើម្បីប្រឆាំងនឹងយុទ្ធសាស្ត្រតំបន់ប្រផេះរបស់ទីក្រុងប៉េកាំង ដែលតែងតែប្រើប្រាស់កងជីវពលសមុទ្រដើម្បីដាក់សម្ពាធលើរដ្ឋតូចៗ។
ប៉ុន្តែនៅពេលដែលតន្ទ្រីវិមានសលើកឡើងពីសេរីភាពនៃការរុករក ចចកសទីក្រុងប៉េងកាំងបានតបតវិញតាមរយៈការចល័តកងទ័ពក្នុងបញ្ជាការដ្ឋានភូមិភាគខាងត្បូង។ ការណ៍នេះចង្អុលបង្ហាញពីការប្រឈមមុខដាក់គ្នារវាងច្បាប់អន្តរជាតិ ដែលហ្វីលីពីនប្រកាន់យក និងខ្សែបន្ទាត់ ៩ ចុច ដែលចិនអះអាង។ វត្តមានយោធាដែលកាន់តែក្រាស់ក្រែលនេះ កំពុងប្រែក្លាយសមុទ្រចិនខាងត្បូងទៅជាចំណុចផ្ទុះអាវុធ ដែលអាចបង្កឱ្យមានការប៉ះទង្គិចដោយអចេតនា ប្រសិនបើគ្មានយន្តការគ្រប់គ្រងវិបត្តិច្បាស់លាស់។
ដោយឡែក វត្តមានរបស់នាវាប្រឆាំងមីស៊ីលប្រភេទ Arleigh Burke-class នៅក្បែរតំបន់តំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាការបញ្ជូនសារយោធាដ៏ខ្លាំងក្លាមួយថា សហរដ្ឋអាមេរិកមានសមត្ថភាពបង្ក្រាបរាល់ការគំរាមកំហែងតាមអាកាស និងក្រោមទឹកក្នុងតំបន់នោះភ្លាមៗ ប្រសិនបើមានជម្លោះផ្ទុះឡើង។
ការវិវត្តនៃព្រឹត្តិការណ៍នៅជម្លោះសមុទ្រចិនខាងត្បូង ត្រូវបានអ្នកឃ្លាំមើលព្រឹត្តិការណ៍ចោទជាសំណួរសំខាន់ថា តើអាស៊ានអាចរក្សានូវភាពជាកណ្តាលរបស់ខ្លួនបានកម្រិតណា នៅពេលដែលមហាអំណាចទាំងពីរប្រើប្រាស់ដែនទឹកក្នុងតំបន់ ដើម្បីសាកល្បងឥទ្ធិពលគ្នាទៅវិញទៅមកបែបនេះ?

