ឆ្នាំ២០២៦ គឺជាឆ្នាំដែលប្រទេសថៃបានដាក់ចេញនូវផែនការមហិច្ឆតា កំណត់យកជាឆ្នាំមាស សម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលជាសរសៃឈាម ជំរុញដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន។

យ៉ាងណាមិញ ក្ដីស្រមៃដ៏ធំដែលធ្លាប់តែស្រស់បំព្រងនិងត្រចះត្រចង់នេះ ហាក់មិនអាចក្លាយជាការពិតបានឡើយ ព្រោះតែវាកំពុងតែត្រូវបានគ្របដណ្ដប់ជុំជិត ដោយស្រមោលខ្មៅ នៃការរីករាលដាលវីរុសនីប៉ាហ៍នៅក្នុងប្រទេសឥណ្ឌា បង្កឱ្យបណ្ដាប្រទេសនានា បង្ហាញក្ដីព្រួយបារម្ភ ដោយក្នុងនោះសូម្បីតែមហាអំណាចចិនក៏ចេញសេចក្ដីប្រកាសស្ដីពីក្ដីកង្វល់ និងបានដាក់វីរុសនីប៉ាហ៍ ចូលជាវីរុសត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ថ្នាក់ជាតិ ចំពេលដែលរដូវកាលចូលឆ្នាំថ្មីប្រពៃណីចិន ដែលជាឱកាសឈប់សម្រាកដើរកម្សាន្តប្រចាំឆ្នាំដ៏ធំ កាន់តែខិតចូលមកដល់។
កាលពីចុងឆ្នាំ ២០២៥ រដ្ឋាភិបាលថៃដាក់ក្ដីសង្ឃឹមស្ទើរតែទាំងស្រុងទៅលើភ្ញៀវទេសចរមកពី ចិន និងឥណ្ឌា ព្រោះជាភ្ញៀវទេសចរណ៍ដែលមកដើរកម្សាន្តច្រើននាំមុខគេ។ យ៉ាងណាមិញ ការអ្វីដែលជាក្ដីសង្ឃឹមរបស់ថៃ បានប្រែក្លាយជាគ្រោះថ្នាក់មួយ នៅពេលដែលប្រទេសឥណ្ឌាដែលជាទីផ្សារធំមួយរបស់ខ្លួនកំពុងតែរងនូវវិបត្តិផ្ទុះរីករាលដាលវីរុសនីប៉ាហ៍ ចំណែកទីផ្សារធំមួយទៀតដូចជាប្រទេសចិន ក៏កំពុងតែបង្កើនការររឹតបន្តឹងលើសុខាភិបាលយ៉ាងខ្លាំងក្លា។
ធ្លាប់បរាជ័យយ៉ាងដំណំក្នុងអំឡុងការផ្ទុះចេញនូវវីរុសចម្លង កូវីដ-១៩ ក្រោមការដឹកនាំក្រសួងសុខាភិបាល ដោយបក្សភូមិចៃថៃរបស់ អនុទិន ដែលកាលណោះជនជាតិថៃ បានបាត់បង់ជីវិតយ៉ាងច្រើនដោយសារតែមិនមានវ៉ាក់សាំងគ្រប់គ្រាន់ និងទាន់ពេលវេលា មកដល់ចំណុចថ្មីនេះ ថៃនៅតែដដែលគឺមិនមានផែនការបម្រុងច្បាស់លាស់ដើម្បីទប់ទល់នឹងរលកនៃវិបត្តិសុខភាពសាធារណៈនេះនៅឡើយ នេះបើតាមការលើកឡើងរបស់អ្នកវិភាគថៃ ពួកគេបានចង្អុលបង្ហាញថា បញ្ហាអសកម្ម និងវិបត្តិនានា នៅប្រទេសថៃ មិនត្រូវបានលើកមកជជែកឬដោះស្រាយនោះទេ ដោយពួកអ្នកកាន់អំណាច នៅតែប្រើលេសតែម្យ៉ាងគឺ ជាប់គាំងទៅដោយបញ្ហាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិក្រោយ។

ត្បិតមានរដ្ឋាភិបាលតែជារដ្ឋាភិបាលចាំផ្ទះ ដឹកនាំបែបទីងម៉ោង មិនហ៊ានដាក់ចេញនូវវិធានការរឹងត្អឹងចំពោះទេសចរ ព្រោះខ្លាចបាត់បង់ចំណូល ប៉ុន្តែភាពស្ទាក់ស្ទើរនេះ កំពុងបង្កើតជាមន្ទិលសង្ស័យដល់ទេសចរចិនអំពីសុវត្ថិភាពនៅក្នុងប្រទេសថៃដូចគ្នាដែរ។ ការព្យាយាមចង់បានផលចំណេញសេដ្ឋកិច្ចក្នុងរយៈពេលខ្លី ដោយមិនហ៊ានលះបង់ដើម្បីសុវត្ថិភាពរយៈពេលវែង អាចនឹងធ្វើឱ្យឆ្នាំមាសរបស់ថៃ ក្លាយជាឆ្នាំនៃមហន្តរាយក៏ថាបាន។
ជាមួយគ្នានេះ កាសែត south china morning post នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ បានលាតត្រដាងឱ្យដឹងថា ទេសចរចិន មានភាពរសើប និងកង្វល់បំផុតចំពោះព័ត៌មានជំងឺឆ្លងមុនថ្ងៃឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់នេះណាស់៕

