ក្នុងនាមជាប្រតិបត្តិករទេសចរណ៍ប្រចាំខេត្តសៀមរាប លោក ឌុច សារ៉ត បានសម្ដែងនូវការសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអាកាសចរណ៍ និងការសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេស។ លោកបានកត់សម្គាល់ថា បច្ចុប្បន្នមានការរៀបចំឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធអន្តោប្រវេសន៍នៅតាមអាកាសយានដ្ឋាននានា ជាពិសេសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធកាតចូលស្រុកតាមអេឡិចត្រូនិកជំនាន់ទី២ (E-Arrival Card) ដែលមកជំនួសការបោះត្រាដោយផ្ទាល់។ ការធ្វើបែបនេះ មិនត្រឹមតែជួយឱ្យនីតិវិធីនៃការចូលស្រុកមានភាពរហ័ស និងមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្តង់ដារសេវាកម្មដ៏ល្អ និងមានផាសុកភាពសម្រាប់ភ្ញៀវទេសចរទៀតផង។

បន្ថែមលើការងាយស្រួលផ្នែករដ្ឋបាល លោក ឌុច សារ៉េត ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ លោកបានលើកឡើងថា តាមរយៈក្រសួងទេសចរណ៍ កម្ពុជាបានពង្រីកការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមគ្រប់បណ្តាញទំនាក់ទំនងទាំងក្នុងតំបន់អាស៊ាន និងលើឆាកអន្តរជាតិ។ គួរឱ្យកត់សម្គាល់ ថ្មីៗនេះគេហទំព័រ BBC Travel ក៏បានជ្រើសរើសយកទីក្រុងភ្នំពេញ ឱ្យស្ថិតនៅក្នុងបញ្ជីទិសដៅទេសចរណ៍កំពូលទាំង២០ សម្រាប់ឆ្នាំ២០២៦ ផងដែរ។ លោកជឿជាក់ថា នេះគឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការទាក់ទាញសហគមន៍ទេសចរណ៍អន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង បន្ទាប់ពីឆ្លងកាត់បញ្ហាប្រឈមនាពេលកន្លងមក។

ក្រៅពីនេះ ការប្រកាសបញ្ជាទិញយន្តហោះថ្មីៗរបស់អាកាសចរស៊ីវិលកម្ពុជា តាមរយៈក្រុមហ៊ុនអ៊ែរកម្ពុជា (Air Cambodia) ក៏ជាចំណុចរបត់ដ៏សំខាន់មួយទៀត។ លោក សារ៉េត យល់ឃើញថា វិស័យអាកាសចរណ៍អាចរីកចម្រើនទៅបាន លុះត្រាតែយើងមានកងយន្តហោះគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការហោះហើរតភ្ជាប់រវាងទីក្រុង និងតំបន់នានាដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកតែលើការខ្ចីដៃអ្នកដទៃដូចមុន។ លោកបានបញ្ជាក់ថា ក្នុងនាមជាប្រតិបត្តិករវិស័យឯកជន លោកនឹងបន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយរូបលោកផ្ទាល់គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅដើមខែមីនាខាងមុខ ដើម្បីនាំយកសក្តានុពលទេសចរណ៍ខ្មែរទៅបង្ហាញដល់សហគមន៍អន្តរជាតិផ្ទាល់តែម្តង៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.