យោងតាម គេហទំព័រ CNBC បានរាយការណ៍កាលពីថ្ងៃទី២៨ ខែមករា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទ (២៦ មករា ២០២៦) តាមម៉ោងក្នុងតំបន់ថា៖“សភាកូរ៉េខាងត្បូងមិនបានអនុវត្តតាមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះទេ។”

លោក ត្រាំ បានចោទសួរថា៖ «ប្រធានាធិបតី លី (ជេម្យុង) និងរូបខ្ញុំ បានសម្រេចកិច្ចព្រមព្រៀងដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ កាលពីថ្ងៃទី ៣០ កក្កដា ២០២៥ ហើយយើងបានបញ្ជាក់ពីលក្ខខណ្ឌទាំងនេះម្តងទៀត នៅពេលដែលខ្ញុំបានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង កាលពីថ្ងៃទី ២៩ តុលា ២០២៥។ ចុះហេតុអ្វីបានជាសភាកូរ៉េនៅមិនទាន់អនុម័តទៀត?»
លោក ត្រាំ បានបញ្ជាក់បន្ថែមថា៖ «ដោយសារសភាកូរ៉េមិនទាន់បានចេញច្បាប់ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្ររបស់យើង ដែលវាគឺជាសិទ្ធិរបស់ពួកគេ ដូច្នេះខ្ញុំសូមប្រកាសដំឡើងពន្ធនាំចូលពីកូរ៉េខាងត្បូងសម្រាប់ រថយន្ត, ឈើកែច្នៃ, ឱសថ និងពន្ធនាំចូលតបស្នងផ្សេងៗទៀតទាំងអស់ ពី ១៥% ទៅ ២៥%។»

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ពីសេចក្តីថ្លែងការណ៍របស់វិមានខៀវនៃប្រធានាធិបតីកូរ៉េខាងត្បូងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនទាន់បានជូនដំណឹងជាផ្លូវការដល់រដ្ឋាភិបាលកូរ៉េខាងត្បូង អំពីការដំឡើងពន្ធនេះនៅឡើយទេ។ ជាមួយគ្នានេះ សារព័ត៌មាននានាក៏បានរាយការណ៍ផងដែរថា ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូងនឹងបើកកិច្ចប្រជុំជាមួយក្រសួងដែលពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបនឹងការដំឡើងពន្ធនេះ។
មែនទែនទៅ ខ្លារខិនអាស៊ីមួយនេះ គឺជាអ្នកនាំចេញ ទំនិញដ៏ធំបំផុតមួយទៅកាន់សហរដ្ឋអាមេរិក ផ្អែកតាមទិន្នន័យពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក្នុងឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបាននាំចូលទំនិញពីកូរ៉េខាងត្បូងក្នុងតម្លៃ ១៣១,៦ ពាន់លានដុល្លារ។ សម្រាប់ផលិតផលអេឡិចត្រូនិក ក្រុមហ៊ុន Hyundai Motor ដែលជាផលិតកររថយន្តរបស់កូរ៉េខាងត្បូង គឺជាអ្នកនាំចូលរថយន្តថ្មីធំបំផុតចូលមកកាន់សហរដ្ឋអាមេរិក។

រំលឹកឡើងវិញ កាលពីខែកក្កដា លោក ត្រាំ ធ្លាប់បានលើកឡើងថា សហរដ្ឋអាមេរិកនឹងប្រមូលពន្ធលើទំនិញនាំចូលពីកូរ៉េខាងត្បូងក្នុងអត្រា ១៥% ដែលជាអត្រាទាបជាងមុន ១០% បើធៀបនឹងអ្វីដែលលោកធ្លាប់បានគំរាមកាលពីដើមខែនោះ។

ក្នុងពេលជាមួយគ្នានេះ លោក ត្រាំ ក៏បានមានប្រសាសន៍ផងដែរថា កូរ៉េខាងត្បូងបានយល់ព្រម “វិនិយោគទឹកប្រាក់ ៣៥០ ពាន់លានដុល្លារ នៅក្នុងអាជីវកម្មដែលសហរដ្ឋអាមេរិកជាម្ចាស់ និងគ្រប់គ្រង ដែលត្រូវបានជ្រើសរើសដោយរូបលោកផ្ទាល់ក្នុងនាមជាប្រធានាធិបតី”។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ តុលាការកំពូលសហរដ្ឋអាមេរិកបានពិចារណាលើអំណះអំណាងក្នុងបណ្តឹងតវ៉ាថា តើការដែលលោក ត្រាំ ប្រមូលពន្ធដោយឯកតោភាគីបែបនេះ គឺស្របតាមច្បាប់ដែរឬទេ? គណៈចៅក្រមហាក់មិនទាន់ប្រាកដថា លោកមានអំណាចក្នុងការប្រមូលពន្ធដោយមិនឆ្លងកាត់ការយល់ព្រមពីសភានោះទេ ប៉ុន្តែតុលាការនៅមិនទាន់មានសាលក្រមសម្រេចលើរឿងក្តីនេះនៅឡើយទេ៕

