តុលាការកូរ៉េខាងត្បូង បានកាត់ទោស អតីតជំទាវទីមួយលោកស្រី គីម គន់ហ៊ី ឬភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ដាក់ពន្ធនាគាររយៈពេល១ ឆ្នាំ ៨ ខែកាលពីថ្ងៃពុធ ២៨ មករា បន្ទាប់ពីរកឃើញថាលោកស្រីមានទោសកំហុសក្នុងករណីទទួលសំណូកពីមន្ត្រីនៃវិហារឯកភាព ជាថ្នូរនឹងផលប្រយោជន៍នយោបាយ។ទោះជាយ៉ាងណាក៏ដោយ តុលាការបានលើកលែងការចោទប្រកាន់លោកស្រី គីមក្នុងបទចោទប្រកាន់ពីការកែបន្លំតម្លៃភាគហ៊ុន និងការរំលោភច្បាប់ស្តីពីមូលនិធិនយោបាយ។

កាលពីដើមឡើយព្រះរាជអាជ្ញាបានទាមទារឱ្យដាក់ពន្ធនាគារលោកស្រី គីម រយៈពេល ១៥ ឆ្នាំនិងពិន័យជាប្រាក់ ២,៩ ពាន់លានវ៉ុន(ប្រហែល ២ លានដុល្លារ) ពីបទចោទប្រកាន់ផ្សេងៗ រួមទាំងការទទួលកាបូបម៉ាក Chanelនិងខ្សែកពេជ្រពីវិហារឯកភាពរបស់កូរ៉េខាងត្បូងដើម្បីជាថ្នូរនឹងផលប្រយោជន៍នយោបាយប៉ុន្តែតុលាការរកឃើញថាពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថា លោកស្រី គីមមានកំហុសក្នុងករណីកែបន្លំតម្លៃភាគហ៊ុន និងការរំលោភច្បាប់ស្តីពីការកៀងគរមូលនិធិនយោបាយជាថ្នូរនឹងឥទ្ធិពលលើការជ្រើសរើសបេក្ខជនបោះឆ្នោតនោះទេ ទើបធ្វើឱ្យទោសនៅសល់ត្រឹម ១ឆ្នាំ៨ខែវិញ។

ខាងវិហារឯកភាពបានលើកឡើងថាកាដូទាំងនោះត្រូវបានប្រគល់ជូនលោកស្រីដោយមិនរំពឹងអ្វីតបស្នងឡើយ ចំណែកមេដឹកនាំវិហារលោកស្រី ហាន់ ហាក់ចា ដែលត្រូវបានរងការចោទប្រកាន់ក្នុងរឿងនេះដែរ ក៏បានបដិសេធថាលោកស្រីមិនបានបញ្ជាឱ្យវិហារសូកប៉ាន់លោកស្រី គីម នោះទេ។ យ៉ាងណាមិញ លោកស្រី គីម បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ដោយមេធាវីរបស់លោកស្រីបានបញ្ជាក់ថា ក្រុមការងារនឹងពិនិត្យមើលសាលក្រមឡើងវិញនិងសម្រេចចិត្តថាតើត្រូវប្តឹងឧទ្ធរណ៍ចំពោះការសម្រេចទោសក្នុងករណីសូកប៉ាន់នេះដែរឬទេ។

សាលក្រមនេះត្រូវបានប្រកាសឡើងចំពេលមានការពិចារណាក្តីជាច្រើនករណីដែលកើតចេញពីការស៊ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹកក្នុងរយៈពេលខ្លីរបស់លោក យូនកាលពីឆ្នាំ ២០២៤និងរឿងអាស្រូវដែលពាក់ព័ន្ធនឹងប្តីប្រពន្ធអតីតអ្នកមានអំណាចមួយគូនេះ។

លោកស្រី គីមបានមកស្តាប់សាលក្រមនៅតុលាការសាលាដំបូងកណ្តាលក្រុងសេអ៊ូល ក្នុងឈុតសម្លៀកបំពាក់ពណ៌ស្រគាំនិងពាក់ម៉ាស់ ដោយលោកស្រីបានអង្គុយយ៉ាងស្ងៀមស្ងាត់ខណៈដែលចៅក្រមប្រធានក្រុមប្រឹក្សាទាំងបីរូបអានសាលក្រម។

ចំណែកឯលោក យូន សុកយ៉ល កំពុងប្រឈមមុខនឹងបទចោទប្រកាន់ជាច្រើនបន្ទាប់ពីការប៉ុនប៉ងប្រកាសច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីចុងឆ្នាំ ២០២៤រួមទាំងបទចោទពីបទក្បត់ជាតិផងដែរ ប៉ុន្តែរូបលោកបានដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការដែលបានសម្រេចផ្ដន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគារ៥ ឆ្នាំ ពីបទរារាំងការចាប់ខ្លួន៕

Share.