បាត់ដំបង÷ នគរបាលជំនាញបន្តចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្សដែលគ្រប់អាយុនៅវិទ្យាល័យក្នុងក្រុងបាត់ដំបង។
លោកវីរសេនីយ៍ទោ សាន្ត សីហ៊ាន នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ត្រយងឲ្យដឹងថា÷ ចំពោះមុខនេះមន្ត្រីជំនាញរបស់លោកកំពុងបន្តបំពេញបែបបទដើម្បី និងផ្តល់អត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបន្តសុពលភាពជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រះមុនីវង្ស ដែលមានឈ្មោះចំនួន ៤០០នាក់។

ការចុះផ្តល់អត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនេះមិនកំណត់ថ្ងៃឡើយ គឺបន្តធ្វើរហូតដល់អស់ឈ្មោះដែលមានប្រមាណ ៤០០នាក់។ ជាក់ស្តែងនៅថ្ងៃទី ២៨ ម្សិលមិញចុះឈ្មោះធ្វើបានចំនួនជាង ៥០នាក់ មានសភាពយឺតយ៉ាវបន្តិចដោយសារសិស្សជាប់ប្រឡង និងគ្មានឯកសារគ្រប់គ្រាន់ ប៉ុន្តែសម្រាប់ថ្ងៃទី ២៩ ខែមករានេះ តាមការគ្រោងទុកអាចបំពេញបទរួចរហូតជាង ១០០នាក់។ ក្រោយបញ្ចប់ការងារនៅវិទ្យាល័យព្រះមុនីវង្សនេះក្នុងអំឡុង ៤ ទៅ៥ថ្ងៃ ក្រុមការងារនឹងបន្តចុះធ្វើនៅវិទ្យាល័យនេតយ៉ង់បន្តទៀត។
លោកវីរសេនីយ៍ទោ សាន្ត សីហ៊ាន បានបន្ថែមថា÷ ចំពោះសិស្សានុសិស្សដែលគ្រប់អាយុ ១៥ ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារដូចជាសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ។

រីឯលោកគ្រូ អ្នកគ្រូ ដែលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ត្រូវភ្ជាប់ឯកសាររួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ និង
ករណីផ្លាស់ប្ដូរអាសយដ្ឋាន ត្រូវភ្ជាប់ជាមួយនូវសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារតាមអាសយដ្ឋានថ្មី៕

អត្ថបទ: ដំបងក្រញូង

