លោក ស៊ើរ ឃៀរ ស្ដារម័រ នាយករដ្ឋមន្ត្រីអង់គ្លេស មានកាលវិភាគធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧ ខែមករា ដើម្បីពង្រឹងទំនាក់ទំនងជាមួយចិន ដែលជាតំបន់សេដ្ឋកិច្ចធំជាងគេលំដាប់ទី ២ របស់ពិភពលោក និងដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក ដែលកាន់តែមានភាពមិនច្បាស់លាស់ក្នុងរយៈពេលចុងក្រោយនេះ។

លោក ស្ដារម័រ ត្រូវបានចាត់ទុកថាជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងគេក្នុងរយៈពេល ៨ ឆ្នាំ ដែលបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។ ការបំពេញទស្សនកិច្ច ៣ ថ្ងៃ នេះ លោកនឹងបានចូលជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង មុននឹងបន្តដំណើរទៅកាន់ទីក្រុងស៊ាងហៃ និងប្រទេសជប៉ុនបន្តទៀតក្នុងរយៈពេលខ្លី។


នាយករដ្ឋមន្ត្រីអង់គ្លេស គឺជាមេដឹកនាំលោកខាងលិចចុងក្រោយបង្អស់ដែលបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅចិន ចំពេលដែលមានភាពតានតឹងក្នុងបញ្ហាកោះហ្គ្រីនឡែន (Greenland) ជាមួយនឹងប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ដែលចង់បញ្ចូលកោះហ្គ្រីនឡែនជាផ្នែកមួយនៃសហរដ្ឋអាមេរិកឱ្យខាងតែបាន។ ក្រៅពីនោះ ការបំពេញទស្សនកិច្ចរបស់លោក ស្ដារម័រ លើកនេះ ក៏បើកឱកាសឱ្យចិនពង្រឹងទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានម្នាក់ទៀតដែរ បន្ទាប់ពីកាលពីមុន ចិនបានសម្រេចកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយកាណាដាកាលពីដើមខែកន្លងទៅ។
អ្នកជំនាញបានចេញមកវិភាគពីអត្ថន័យនៃដំណើរទស្សនកិច្ចលើកនេះថា ជាលទ្ធផលដែលកើតចេញពីការវិភាគលើឥរិយាបថ និងសកម្មភាពរបស់លោក ត្រាំ និងសហរដ្ឋអាមេរិក។ នេះចាត់ទុកថាជាការរុះរើស្តារទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរឡើងវិញ ហើយតាមពិតទៅ អង់គ្លេសមានភាពជិតស្និទ្ធជាមួយចិនស្រាប់លើបញ្ហាសកលផ្សេងៗ ដូចជា៖ បញ្ញាសិប្បនិម្មិត (AI), ប្រព័ន្ធសុខាភិបាល និងបរិស្ថាន។
ចាប់តាំងពីការឡើងកាន់តំណែងរបស់លោក ស្ដារម័រ ក្នុងឆ្នាំ ២០២៤ លោកបានព្យាយាមរុញច្រានគោលនយោបាយស្តារទំនាក់ទំនងជាមួយចិន បន្ទាប់ពីទំនាក់ទំនងនៃប្រទេសទាំងពីរបានធ្លាក់ចុះក្នុងសម័យរដ្ឋាភិបាលមុន ដោយសារហេតុការណ៍ជម្លោះរឿងការបង្ក្រាបក្រុមអ្នកតវ៉ាទាមទារប្រជាធិបតេយ្យនៅហុងកុង ដែលធ្លាប់ជាអតីតអាណានិគមរបស់អង់គ្លេស រួមទាំងនៅមានការចោទប្រកាន់រឿងដែលថាចិនបានធ្វើចារកម្ម និងវាយប្រហារលើទិន្នន័យតាមប្រព័ន្ធសាយប័រទៀតផង។

ចំណែកឯកាសែត គ្លូប៊ល ថាមស៍ របស់រដ្ឋាភិបាលចិនបាននិយាយថា ចិនអាចជាសម្ព័ន្ធមិត្តដែលគួរឱ្យទុកចិត្តរបស់បណ្តាប្រទេសនានា ព្រោះចិនគាំទ្រពិភពលោកដែលមានប៉ូលអំណាចច្រើន។
ទោះជាយ៉ាងណាក៏ដោយ បណ្តាមេដឹកនាំលោកខាងលិច ដែលទៅទស្សនកិច្ចនៅចិិនបែរជាមានលទ្ធផល ទាំងល្អ និងមិនល្អ ដូចជា ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៃប្រទេសបារាំង ដែលបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅចិនកាលពីខែធ្នូឆ្នាំមុន ប៉ុន្តែបែរជាទទួលបានផលប្រយោជន៍សេដ្ឋកិច្ចត្រឡប់ទៅវិញតិចតួច។ ខណៈដែលលោក ម៉ាក ខានី (Mark Carney) នាយករដ្ឋមន្ត្រីកាណាដា ទទួលបានកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយចិនត្រឡប់ទៅវិញ។

ទស្សនកិច្ចផ្លូវរដ្ឋលើកនេះ លោក Starmer ចង់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយចិន ដើម្បីជួយឱ្យលោកធ្វើតាមពាក្យសន្យាដែលបានផ្តល់ឱ្យប្រជាជនអង់គ្លេសថា នឹងអភិវឌ្ឍគុណភាពជីវិតរបស់ប្រជាជនអង់គ្លេសឱ្យកាន់តែល្អប្រសើរឡើង តាមរយៈការវិនិយោគក្នុងវិស័យសាធារណៈ និងសេដ្ឋកិច្ច។
ប៉ុន្តែលោក ស៊ែម ហ្គូដមែន នាយកផ្នែកគោលនយោបាយនៃវិទ្យាស្ថានយុទ្ធសាស្ត្រហានិភ័យចិន ដែលជាវិទ្យាស្ថានស្រាវជ្រាវ ក្នុងទីក្រុងឡុងដ៍ បានផ្តល់មតិថា អង់គ្លេសទទួលបានផលប្រយោជន៍សេដ្ឋកិច្ចត្រឡប់មកវិញតិចតួចណាស់ពីការរឹតចំណងមិត្តភាពជាមួយចិន ព្រោះការវិនិយោគដោយត្រង់របស់ចិនក្នុងអង់គ្លេស គឺមានត្រឹមតែ ០.២% ប៉ុណ្ណោះ ខុសពីសហរដ្ឋអាមេរិកដែលមានការវិនិយោគដោយត្រង់ក្នុងអង់គ្លេសរហូតដល់ទៅ ១ ភាគ ៣ ខណៈដែលចំណែកទីផ្សារនៃទំនិញអង់គ្លេសនៅក្នុងប្រទេសចិន បែរជាធ្លាក់ចុះកាលពីឆ្នាំមុនទៅវិញ៕

