ពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជូនជនបរទេសចំនួន ៧៨នាក់ ដែលបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតវិញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង៣០នាទី។

ក្នុងចំណោមជនបរទេសទាំង ៧៨នាក់ រួមមាន ជនជាតិចិន ៦២នាក់ ជនជាតិមីយ៉ាន់ម៉ា ៩នាក់ និងជនជាតិថៃ ៧នាក់។ ការបញ្ជូននេះ គឺអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងថ្នាក់ដឹកនាំនគរបាលខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកកម្លាំងកម្រុះនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបន្តចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនៅក្នុងភូមិសាស្ត្រខេត្ត ដោយផ្តោតលើការទប់ស្កាត់ជនបរទេសឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ជាលទ្ធផល បទល្មើសនៅក្នុងខេត្តពោធិ៍សាត់ មានការថយចុះគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់ នៅពេលប្រទះឃើញបទល្មើស ឬជនបរទេសដែលសង្ស័យថា លួចឆ្លងដែនដោយខុសច្បាប់ ដើម្បីរួមចំណែករក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
អត្ថបទ៖ ចតុម្មុខ

