ខណៈដែលទំនាក់ទំនងរវាងកម្ពុជា និងថៃ កំពុងស្ថិតក្នុងដំណាក់កាលព្យាយាមស្ដារទំនុកចិត្តឡើងវិញ ស្រាប់តែលេចចេញនូវសកម្មភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបានពីសំណាក់ អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ។ ការដាក់ពាក្យបណ្តឹងផ្លូវច្បាប់ទៅកាន់តុលាការថៃ ប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា គឺសម្ដេចប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី មិនត្រឹមតែជាទង្វើខ្វះការយល់ដឹងខាងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។

តាមក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះ សកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីកម្ពុជា។ ការដែលមន្ត្រីថៃរូបនេះ យកច្បាប់ក្នុងស្រុករបស់ខ្លួនមកប្រើដើម្បីវាស់វែង ឬកាត់ទោសសកម្មភាពការពារទឹកដីរបស់ប្រទេសជិតខាង គឺជាទង្វើដ៏មានមហិច្ឆតាខុសទំនង និងខ្វះមូលដ្ឋានច្បាប់ជាដាច់ខាត។ តើមានច្បាប់អន្តរជាតិណាដែលអនុញ្ញាតឱ្យតុលាការប្រទេសមួយ មានអំណាចលើថ្នាក់ដឹកនាំនៃរដ្ឋអធិបតេយ្យមួយទៀតនោះ?
កម្ពុជាយល់ឃើញជាមួយក្តីបារម្ភខ្លាំងថាពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នេះផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំង ផ្ទុយនឹងស្មារតីនៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែល បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ចំណាត់ការផ្លូវច្បាប់នេះមិនស្របនឹងគោលបំណង និង គោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ នោះទេ ការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេស សកម្មភាពទាក់ទងនឹងការការពារជាតិ និងបូរណភាពទឹកដី គឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ។
កម្ពុជាជំរុញឱ្យប្រទេសថៃចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តដ៏គួរឱ្យសោកស្តាយនេះ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងការរៀបចំ នានាដើម្បីកាត់បន្ថយភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្ដារទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ថៃរូបនេះ ត្រូវតែទទួលខុសត្រូវចំពោះផលវិបាកដែលកើតចេញពីសកម្មភាពមិនពិចារណារបស់ខ្លួន។ ប្រទេសថៃត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយស្ថានភាពដ៏សោកស្តាយនេះ មុននឹងវាវិវត្តទៅជាវិបត្តិការទូតកាន់តែជ្រៅ ដែលអាចបំផ្លាញផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ កម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារកិត្តិយស និងអធិបតេយ្យភាពរបស់ខ្លួន ហើយអន្តរជាតិក៏កំពុងតាមដានមើលថា តើទីក្រុងបាងកកនឹងដោះស្រាយការបង្កហេតុដោយអចេតនា ឬដោយចេតនារបស់មន្ត្រីខ្លួនយ៉ាងដូចម្ដេច?

