ពោធិ៍សាត់៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តពោធិ៍សាត់ថ្មី ដែលបានរៀបចំនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅអង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ លោកវីរៈអាគ្គារអនុរក្សថ្នាក់លេខ ២ ស៊ិន សុផាន់ណូ បានបង្ហាញគោលជំហរសំខាន់ចំនួន ៤ ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងអំឡុងពេលបំពេញតួនាទីភារកិច្ចរបស់ខ្លួន។

គោលជំហរទាំងនោះ រួមមាន ការប្តេជ្ញាគោរព និងអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអនុវត្តតាមផែនការយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ និងថ្នាក់ដឹកនាំខេត្ត។

លោកស៊ិន សុផាន់ណូ ក៏បានប្តេជ្ញាបន្តអនុវត្តគំរូដឹកនាំគ្រប់គ្រងដ៏ល្អរបស់ថ្នាក់ដឹកនាំមុនៗ គួបផ្សំជាមួយបទពិសោធន៍ការងារផ្ទាល់ខ្លួន ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សុខភាព និងការអប់រំស្តារនីតិសម្បទាជនជាប់ឃុំ ឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម ព្រមទាំងអភិវឌ្ឍអង្គភាពឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមអគ្គារអនុរក្សថ្នាក់លេខ ១ ឈន សាណាត អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការតែងតាំងប្រធានពន្ធនាគារខេត្តពោធិ៍សាត់ថ្មី គឺបានគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ។

ឯកឧត្តមបានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ទាំងអស់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ពង្រឹងការអនុវត្តច្បាប់ ការពារសន្តិសុខ សុវត្ថិភាព ការត្រួតពិនិត្យវត្ថុហាមឃាត់ ជាពិសេសគ្រឿងញៀន និងទូរសព្ទដៃ ព្រមទាំងអនុវត្តការងារគ្រប់គ្រងដោយមានរបបប្រជុំ របបរាយការណ៍ និងការតាមដានវាយតម្លៃជាប្រចាំ។ សូមបញ្ជាក់ថា លោកវីរៈអាគ្គារអនុរក្សថ្នាក់លេខ ២ ស៊ិន សុផាន់ណូ ត្រូវបានតែងតាំងជាប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមអគ្គារអនុរក្សថ្នាក់លេខ ២ អ៊ី សំអុល ដែលបានចូលនិវត្តន៍៕

អត្ថបទ៖ ពោធិ៍សាត់

Share.