អ្នកបើកបរយន្តហោះ ២ រូបបានពលីជីវិត ខណៈកំពុងហ្វឹកហាត់ហោះហើរស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ប្រយុទ្ធ (Combat Search and Rescue) ក្នុងតំបន់ទីលានហ្វឹកហាត់ នាខេត្តឈៀងម៉ៃ។ តាមការបញ្ជាក់ពីកងទ័ពអាកាសបញ្ជាក់ថា ការហ្វឹកហាត់ហោះហើរ ដែលបណ្ដាលឱ្យអ្នកបើកបរស្លាប់២នាក់នេះ
គឺដើម្បីពង្រឹងការត្រៀមលក្ខណៈប្រយុទ្ធនៃកម្លាំងផ្លូវអាកាស ក្នុងបេសកកម្មការពារប្រទេស។

ឧត្តមសេនីយ៍ទោ ច័ក្រគ្រីត ធម្មវិជ័យ (Jakkrit Thammawichai) អ្នកនាំពាក្យកងទ័ពអាកាស បានបើកកកាយថា នៅថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ១០:២០ នាទី យន្តហោះវាយប្រហារប្រភេទទី ៨ (AT-6TH) ចំណុះឱ្យកងវរសេនាតូចហោះហើរ ៤១១ កងពលហោះហើរ ៤១ ចំនួន ១ គ្រឿង បានជួបឧបទ្ទវហេតុក្នុងអំឡុងពេលបំពេញបេសកកម្មហ្វឹកហាត់ហោះហើរ ស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ប្រយុទ្ធ នៅស្រុកចមថង ខេត្តឈៀងម៉ៃ (ទិសដៅ ២១០ ចម្ងាយ ៦០ គីឡូម៉ែត្រ ពីព្រលានយន្តហោះឈៀងម៉ៃ) ដែលជាតំបន់ហ្វឹកហាត់របស់កងទ័ពអាកាស។


ពីហេតុការណ៍ខាងលើ បណ្តាលឱ្យអ្នកបើកបរយន្តហោះចំនួន ២ នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតរបួសធ្ងន់ ខណៈពេលបំពេញតួនាទី។ តាមរបាយការណ៍បឋមបានបញ្ជាក់ថា យន្តហោះខាងលើបានធ្លាក់ក្នុងតំបន់សហគមន៍ដាច់ស្រយាល ដែលផ្លូវចូលទៅដល់មានភាពលំបាកខ្លាំង ធ្វើឱ្យការចូលទៅដល់ទីតាំងរបស់មន្ត្រីត្រូវប្រើប្រាស់ការប្រុងប្រយ័ត្នខ្ពស់ និងត្រូវសម្របសម្រួលជាមួយអង្គភាពជាច្រើន។

បន្ទាប់ពីកើតហេតុ នាយឧត្តមសេនីយ៍អាកាស សេកសាន់ ខាងថា (Seksan Kantha) មេបញ្ជាការកងទ័ពអាកាស បានបញ្ជាឱ្យអង្គភាពដែលពាក់ព័ន្ធចូលគ្រប់គ្រងតំបន់កើតហេតុភ្លាមៗ ព្រមទាំងបានចាត់តាំងគណៈកម្មការស៊ើបអង្កេតឧបទ្ទវហេតុអាកាសយាននៃកងទ័ពអាកាស ចុះទៅកាន់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យស្វែងរកមូលហេតុនៃឧបទ្ទវហេតុយ៉ាងហ្មត់ចត់ និងដិតដល់ ដោយអនុលោមតាមបទបញ្ជា និងស្តង់ដារសុវត្ថិភាពហោះហើរយ៉ាងតឹងរ៉ឹង ដើម្បីទទួលបានសេចក្តីសន្និដ្ឋានដែលត្រឹមត្រូវ និងអាចយកទៅប្រើប្រាស់ក្នុងការកែលម្អ និងអភិវឌ្ឍវិធានការសុវត្ថិភាពហោះហើរឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតបន្តទៀត។
យន្តហោះដែលធ្លាក់នោះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមានភ្លើងឆាបឆេះបំផ្លាញយន្តហោះទាំងមូល ទោះជាយ៉ាងណាក៏ដោយ មន្ត្រីកំពុងស្ថិតក្នុងដំណើរការគ្រប់គ្រងស្ថានការណ៍ ពិនិត្យរកមូលហេតុនៃឧបទ្ទវហេតុ ក៏ដូចជាវាយតម្លៃការខូចខាតបន្ថែម៕

