ប៉េកាំង៖ សារព័ត៌មាន Reuters ដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ នេះថា ប្រទេសចិន បានប្រហារជីវិតឧក្រិដ្ឋជនចំនួន ១១នាក់ជាប់ពាក់ព័ន្ធបណ្ដាញក្រុមឧក្រិដ្ឋម្មនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា រួមទាំងសមាជិកសំខាន់ៗនៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

មនុស្សទាំង ១១នាក់នេះ ត្រូវបានផ្ដន្ទាទោសប្រហារជីវិតកាលពីខែកញ្ញា ឆ្នាំមុន ហើយការកាត់ទោសត្រូវបានអនុវត្តដោយតុលាការនៅទីក្រុង Wenzhou ក្នុងខេត្ត Zhejiang ភាគខាងកើត ហើយតុលាការដដែលនោះ គឺជាអ្នកដែលបានអនុវត្តការប្រហារជីវិតពួកគេ នាថ្ងៃព្រហស្បតិ៍នេះ។

បទល្មើសរបស់អ្នកទាំងនោះត្រូវបានរកឃើញថា ប្រព្រឹត្តចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េស ដែលរួមមានដូចជា ឃាតកម្ម ការបង្ករបួសស្នាម ការបង្ខាំងមនុស្ស ការឆបោកតាមបច្ចេកវិទ្យា និងការបើកកាស៉ីណូខុសច្បាប់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងអាស៊ីអាគ្នេយ៍រួមមាន ប្រទេសថៃ មីយ៉ាន់ម៉ា និងកម្ពុជា ដើម្បីបង្ក្រាបប្រតិបត្តិការលើ «មជ្ឈមណ្ឌលឆបោក» ដែលកំពុងកើតមាននៅក្នុងតំបន់។ អ្នកជំនាញឧក្រិដ្ឋកម្មឆ្លងដែនបាននិយាយថា ជាលទ្ធផល ជនសង្ស័យឧក្រិដ្ឋកម្មរាប់ម៉ឺននាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសចិនវិញ។

កាលពីឆ្នាំមុន ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បាននិយាយថា ជនជាតិចិនជាង ៧,៦០០នាក់ដែលសង្ស័យថា បានលេងល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុង Myawaddy ដែលជាទីក្រុងមួយនៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ាជាប់ព្រំដែនប្រទេសថៃ៕

ប្រភព៖ Reuters

Share.