កំពង់ធំ៖ ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សម្រេចបានសមិទ្ធផលអភិវឌ្ឍន៍សរុប ១២៥ គម្រោង ដែលផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងសុខាភិបាល ដើម្បីលើកកម្ពស់ជីវភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំឆ្នាំ២០២៥ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តមបានបញ្ជាក់ថា សម្ភារៈ និងថវិកាសម្រាប់ការងារចុះមូលដ្ឋាន មានភាពគ្រប់គ្រាន់ និងអាចឆ្លើយតបតាមផែនការ ដែលបានដាក់ចេញ ដោយសមិទ្ធផលសំខាន់ៗទាំងនោះរួមមាន៖ ការសាងសង់ និងជួសជុលផ្លូវ ស្ពាន ទំនប់ទឹក ប្រឡាយទឹក អគ្គិសនី និងទឹកស្អាត ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ និងសុខាភិបាល វិស័យទេសចរណ៍ កសិកម្ម ខណៈសេវាសាធារណៈនៅមូលដ្ឋាន ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

តាមរយៈកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរបស់ក្រុមការងារទូទាំងខេត្ត សម្រេចបានការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត រួមទាំងការជំរុញវិធានការគន្លឹះក្នុងវិស័យអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរ ដោយផ្តោតលើស្រូវ ស្វាយចន្ទី កៅស៊ូ និងសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍នវានុវត្តខេត្តកំពង់ធំ និងការគាំទ្រឥណទានពីធនាគា។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា ដំណាក់កាលបន្ត នឹងបន្តជំរុញការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផ្តល់អាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើនសក្តានុពលកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។

Share.