នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះដាច់ខែ មករា ទៅហើយប៉ុន្តែហេតុការណ៍និងគ្រោះថ្នាក់អកុសលនៅតែបន្តកើតមានក្នុងប្រទេសថ្ងៃមិនលស់ថ្ងៃទាល់តែសោះ ព្រោះនៅចុងខែនេះ ក្រោយពេលដែលកងទ័ពអាកាសថៃ បាត់បង់អាយុជីវិត នាយទាហានជាអ្នកបញ្ជាយានលើផ្ទៃមេឃ កាលពីរសៀលថ្ងៃទី២៩ ខែមករា នៅខេត្តឈៀងម៉ៃ ស្រាប់តែព្រឹកព្រលឹមថ្ងៃទី៣០ ខែមករា នេះ មានករណីឆេះរោងចក្រផលិតកាំជ្រួចមួយកន្លែងទៀតនៅខេត្តសុផាន់បុរី ដែលកំពុងបង្កការភ័យខ្លាចនិងព្រួយបារម្ភខ្លាំងពីសំណាក់ពលរដ្ឋ។

យោងតាមការចេញផ្សាយដោយកាសែតថៃ នាព្រឹកព្រលឹមថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នេះ អាជ្ញាធរបានរាយការណ៍ថា មានការផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅក្បែរព្រះវិហារក្នុងខេត្តសុផាន់បុរី ដែលបង្កឱ្យមានការដាក់ចេញនូវវិធានការសង្គ្រោះបន្ទាន់ជាកំហិត។


យោងតាមរបាយការណ៍ក្នុងស្រុក ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង ០៧:៥២ នាទីព្រឹក នៅក្បែរវត្តដុងក្រាក់ឆូ (Wat Dong Kracho) ក្នុងស្រុកដនចែតដី (Don Chedi)។ សម្លេងផ្ទុះដ៏ខ្លាំងក្លានេះ ត្រូវបានគេឮសាយភាយយ៉ាងខ្លាំងនៅពាសពេញតំបន់ជុំវិញនោះតែម្ដង។



ក្រុមអ្នកជួយសង្គ្រោះ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីវាយតម្លៃការខូចខាត និងផ្តល់ជំនួយសង្គ្រោះ។ មន្ត្រីបានបញ្ជាក់ថា មានមនុស្សបាត់បង់ជីវិតចំនួន១ និងរងរបួសចំនួន៣នាក់ នៅក្នុងហេតុការណ៍នេះ។
បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុដែលបង្កឱ្យមានការផ្ទុះនេះ ខណៈព័ត៌មានលម្អិតបន្ថែមមិនទាន់ត្រូវបានបង្ហាញភ្លាមៗនោះទេ។

