រដ្ឋមន្រ្តីការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ម្សិលម៉ិញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មិនទទួលស្គាល់ការបោះឆ្នោតដែលរៀបចំឡើងនាពេលថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះទេ ដែលនេះជាការបោះឆ្នោតលើកដំបូងបំផុតចាប់តាំងពីយោធាធ្វើរដ្ឋប្រហារដណ្តើមអំណាចក្នុងឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Asahi News នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។

កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ គណបក្ស​សាមគ្គីភាព និង​អភិវឌ្ឍន៍​សហភាព​ដែល​គាំទ្រ​ដោយ​យោធា​របស់​មីយ៉ាន់ម៉ា​បាន​អះអាងថា ខ្លួន​បាន​ឈ្នះ​ការ​បោះឆ្នោត។ ជ័យជម្នះរបស់គណបក្សដែលដឹកនាំដោយអតីតឧត្តមសេនីយឯកមួយរូបនេះ ត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ បន្ទាប់ពីការបោះឆ្នោតមិនរាប់បញ្ចូលគណបក្សប្រឆាំងធំៗ ហើយការប្រឆាំងត្រូវបានរឹតបន្តឹងយ៉ាងតឹងរ៉ឹងបំផុតនោះ។ ដូចគ្នានេះផងដែរ អាសនៈសភាមួយភាគបួនត្រូវបានបម្រុងទុកដោយស្វ័យប្រវត្តិសម្រាប់យោធា។

ក្រុមអ្នករិះគន់បាននិយាយថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា មិនសេរី ឬយុត្តិធម៌ទេ ប៉ុន្តែជាការខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យការគ្រប់គ្រងដោយយោធាស្របច្បាប់ បន្ទាប់ពីការដណ្តើមអំណាចដោយបង្ខំកាលពីកន្លងមក។

ដោយឡែក ការបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាដោយអាស៊ាន ដែលគណបក្សគាំទ្រដោយយោធាអះអាងពីជ័យជម្នះ គឺជាបរាជ័យធំមួយនៃកិច្ចប្រឹងប្រែងរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលកំពុងព្យាយាមស្វែងរកការទទួលស្គាល់ពីអន្តរជាតិ។

ប្លុកអាស៊ានដែលមានសមាជិក ១១ប្រទេស ក្នុងនោះរួមមានទាំងមីយ៉ាន់ម៉ា បានបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា ចាប់តាំងពីការធ្វើរដ្ឋប្រហារដណ្តើមអំណាចដោយបង្ខំពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ក្នុងឆ្នាំ២០២១។ ការដណ្តើមអំណាចបានធ្វើឱ្យមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលយ៉ាងធ្ងន់ធ្ងរ។

នៅពេលត្រូវបានសួរនៅក្នុងសន្និសីទសារព័ត៌មានថា តើប្លុកនេះមិនទទួលស្គាល់ការបោះឆ្នោតក្នុងប្រទេសមីយ៉ាន់ម៉ាទេឬ? រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានឆ្លើយថា «ពិតមែនហើយ ក្នុងពេលនេះ អាស៊ានក៏មិនទាន់បានទទួលស្គាល់ដំណាក់កាលទី៣ នៃការបោះឆ្នោតដែលបានរៀបចំឡើងនៅ មីយ៉ាន់ម៉ានោះដែរ»។

យ៉ាងណាម៉ិញ លោកស្រីរដ្ឋមន្រ្តីការបទេសហ្វីលីពីនរូបនេះ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមថា តើមានអ្វីដែលអាចកែប្រែគោលជំហររបស់អាស៊ានបានឬក៏យ៉ាងណានោះទេ? លោកស្រីថ្លែងបែបនេះ បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានជាលើកដំបូងក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ នៅក្នុងទីក្រុង Cebu កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា៕

ប្រភព៖ The Asahi News

Share.