ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ក្មេងទំនើងចំនួន ១១នាក់ និងដកហូតម៉ូតូចំនួន ០៤គ្រឿង ពាក់ព័ន្ធការបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កការរំខានដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវករណីបង្ហោះម៉ូតូ ដែលកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលមកទទួល និងធ្វើការអប់រំ ណែនាំ ដោយឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ហើយបានដាស់តឿនឲ្យយកចិត្តទុកដាក់អប់រំកូនចៅឲ្យបានល្អ មិនឲ្យពាក់ព័ន្ធអំពើក្មេងទំនើង។

ចំពោះម៉ូតូ ០៤គ្រឿង សមត្ថកិច្ចបានដកហូតរក្សាទុករយៈពេល ០៣ខែ នៅកន្លែងសមត្ថកិច្ច ដើម្បីធានាការអនុវត្តច្បាប់ និងការពារសណ្តាប់ធ្នាប់សាធារណៈ៕

