តំណាងឱ្យមន្ត្រីរាជការ បុគ្គលិក និងសិល្បករ សិល្បការិនីដែលជាជនមានពិការភាព នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យពិការភាព ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងារនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុណ ព្រមទាំងសប្បុរសជនពីវិស័យឯកជន ដើម្បីចែកជូនដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ ឯកឧត្តម ចាប តូ បានបញ្ជាក់ថា អំណោយគ្រឿងឧបភោគបរិភោគទាំងនេះ ត្រូវបានរៀបចំ និងបែងចែកស្មើៗគ្នាជូនដល់អង្គភាពចំនួន ៤ រួមមាន៖ ទិសប្រាសាទព្រះវិហារ ជាំតែ អានសេះ និងភ្នំខ្មោច។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តមបានលើកឡើងដោយក្តីរំភើបថា៖ «បងប្អូនកងទ័ពគឺជាជួរមុខដ៏រឹងមាំ ដែលបានយកដើមទ្រូងទៅទប់ទល់នឹងគ្រាប់កាំភ្លើង និងសុខចិត្តលះបង់ជីវិតដើម្បីការពារទឹកដី»

អ្វីដែលជាចំណុចដ៏មានអត្ថន័យបំផុតនោះ គឺការលើកទឹកចិត្តចេញពីបេះដូងរបស់ក្រុមការងារជនមានពិការភាព។ ឯកឧត្តម ចាប តូ បានសង្កត់ធ្ងន់ថា៖ «ទោះបីជាពួកយើងខ្ញុំជាជនមានពិការភាពក៏ពិតមែន ក៏ប៉ុន្តែបេះដូងរបស់ពួកយើងខ្ញុំគឺមិនពិការឡើយ»។ ឯកឧត្តមបានបន្ថែមថា ជនមានពិការភាពមានឆន្ទៈមោះមុតគ្រប់បែបយ៉ាងក្នុងការជួយគាំទ្រដល់កងទ័ពជួរមុខ ហើយនឹងបន្តខិតខំប្រមូលកម្លាំងសប្បុរសជននានា ដើម្បីនាំយកអំណោយមកចែកជូនបងប្អូនកងទ័ពនៅតាមបណ្តាព្រំដែនផ្សេងៗទៀតជាបន្តបន្ទាប់៕

Share.