យោងតាមបញ្ជីដែលគេហទំព័រ Transter Markt បានបង្ហាញកាលពីពេលកន្លងទៅថ្មីៗនេះ ក្នុងនោះ​លេច​ចេញ​ឈ្មោះ​កីឡាករ​ខ្មែរ ម្នាក់ដែលអាចរកគ្រាប់បាល់បាន ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ​សម្រាប់​រដូវកាល​ឆ្នាំ​២០២៥-២៦​នេះ។

កីឡាករម្នាក់នោះមានឈ្មោះថា « វីរៈ ដារ៉ា » ជាអ្នកចាំទីរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាប់ឈ្មោះជា​កីឡាករ​រក​គ្រាប់បាល់បានក្នុងនាម​ជាអ្នកចាំទី ខណៈគ្រាប់បាល់ដ៏អស្ចារ្យនោះ​គឺរូបគេរក​បានក្នុង​ការប្រកួតទល់​នឹង​ក្រុម​អាយអេសអាយដង្កោសែនជ័យ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ ​គ្រាប់​បាល់ដែលអ្នកចាំទីវ័យ២២ឆ្នាំរូបនេះ រកបាន​គឺ​ជា​គ្រាប់បាល់លឿនជាងគេដំផុត ពោលគឺអាចរកបាននៅត្រឹមនាទីទី ០.០៩វិនាទី​ប៉ុណ្ណោះ។

ក្រៅពីកីឡាករវីរៈ ដារ៉ា របស់ម្ពុជា នៅមានអ្នកចាំទីចំនួន ៥រូបទៀតដែលអាចរកគ្រាប់បាល់បាន ប៉ុន្តែមិនទាន់​បំបែក​កំណត់ត្រារបស់កីឡាករខ្មែរបាន ក្នុងនោះរួមមាន៖

  • កីឡាករ Alex Ruiz អ្នកចាំទីរបស់ក្លិប FC Sanra Coloma សមាជិកនៃលីគទី៣ នៃប្រទេសអង់ដូរ៉ា រកបាន១គ្រាប់
  • កីឡាករ Denovan Torres អ្នកចាំទីរបស់ក្លិប Juticalpa សមាជិកនៃលីគទី២ ហុងឌូរ៉ាស រកបាន​១គ្រាប់
  • កីឡាករ Timothy Shiraoka អ្នកចាំទីរបស់ Ahuilas-Umak សមាជិកលីគទី១នៃប្រទេសហ្វីលីពីន រកបាន១គ្រាប់
  • កីឡាករ Ismel Morgado អ្នកចាំទីរបស់ ART Jalapa សមាជិកលីគទី១ នៃប្រទេសនីការ៉ាហ្គា រក​បាន​១​គ្រាប់
  • កីឡាករ Serigne Saliou Fall អ្នកចាំទីរបស់ ASC La Linguere សមាជិកលីគទី២ នៃប្រទេស សេណេហ្គាល់រកបាន១គ្រាប់

កីឡាករ វីរៈ ដារ៉ា ជាកូនអ្នកខេត្តបាត់ដំបង បានចាប់ផ្តើមអាជីពដំបូងជាអ្នកចាំទីនៅក្លិបបាល់ទាត់ខេត្តព្រៃវែង ថែម​ទាំងបានជួយក្រុមមួយនោះឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត កាលពីឆ្នាំ២០២០ ។ ក្រោយ​មករូប​គេទៅចូលរួមជាមួយវិសាខា នៅឆ្នាំ២០២២ និងបានជួយក្លិបនៅរាជធានី​មួយនេះឈ្នះ​ជើងឯកពាន​រង្វាន់​សម្តេចថ្នាក់ជាតិ នៅឆ្នាំដដែល ថែមទៀតផង មុនរូប​គេទៅ​ចូល​រួមជាមួយក្រុម​នៅភាគខាងកើត​ព្រះខ័នរាជស្វាយរៀង៕

Share.