កាលពីថ្ងៃទី២៩ ខែមករា មានកើតហេតុការណ៍ភ្ញាក់ផ្អើលដល់អ្នកស្រុក ក្រោយគេប្រទះឃើញបុរសម្នាក់ ទៅអង្គុយជក់ថ្នាំញៀន បែបរំភើបកណ្ដាលថ្ងៃត្រង់ ដោយមិនខ្វាយខ្វល់ឬខ្លាចក្រែងរអែងអ្វីទាំងអស់នៅចំពីមុខផ្ទះរបស់មេបញ្ជាការនគរបាលជាន់ខ្ពស់ម្នាក់ ក្នុងខេត្តអ៊ូប៊ុនថានី។
យ៉ាងណាមិញ អ្នកស្រុកអ្នកភូមិបានរាយការណ៍ទៅកាន់សមត្ថកិច្ចនគរបាល ក្រោយមកនគរបាលដែលកំពុងតែល្បាតបានចុះទៅត្រួតពិនិត្យដល់ទីតាំងនិងបានចាប់ឃាត់ខ្លួនបុរសរូបនោះទៅឃុំឃាំងនៅប៉ុស្ដិ៍នគរបាល ក្រុងអ៊ូប៊ុនថានី។

ករណីខាងលើនេះ ត្រូវបានគេរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលថា មានបុរសម្នាក់កំពុងប្រើប្រាស់គ្រឿងញៀនជាសាធារណៈនៅតាមចិញ្ចើមផ្លូវក្នុងសហគមន៍ បានឡៅ (Ban Lao) ទើបកម្លាំងសមត្ថកិច្ចប្រញាប់ចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗ។
នៅកន្លែងកើតហេតុ មន្ត្រីប៉ូលីសបានរកឃើញបុរសឈ្មោះ Apichat (អាភីឆាត) អាយុ ៣៥ ឆ្នាំ កំពុងអង្គុយនៅទល់មុខផ្ទះរបស់មេបញ្ជាការប៉ូលីសជាន់ខ្ពស់ប្រចាំតំបន់ ៤ ដោយក្នុងដៃមានកាន់ដែកកេះ។ តាមរយៈការឆែកឆេរ ប៉ូលីសបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ា) ចំនួន ៤ គ្រាប់ លាក់ក្នុងហោប៉ៅខោខាងឆ្វេងរបស់គេ។

ក្នុងអំឡុងពេលសាកសួរ លោក Apichat និយាយស្តាប់គ្នាមិនសូវបាន និងហាក់ដូចជាស្ថិតក្នុងស្ថានភាពវង្វេងវង្វាន់ស្មារតីដោយសារតែឥទ្ធិពលគ្រឿងញៀន។ បន្ទាប់មក គេបានប្រាប់ប៉ូលីសថា គេប្រកបរបរដើររើសអេតចាយដើម្បីលក់យកលុយមកទិញថ្នាំញៀន។ គេបានសារភាពថា បានទិញថ្នាំញៀនចំនួន ១០ គ្រាប់នៅក្នុងតំបន់នោះកាលពីថ្ងៃមុន ក្នុងតម្លៃ ៤០បាត (ប្រមាណជិត ៥០០០រៀល) ក្នុងមួយគ្រាប់។
Apichat បានបន្តថា គេតែងតែប្រើប្រាស់ថ្នាំញៀននៅពេលណាដែលគេមានអារម្មណ៍ថាហត់ពេលដើរ ដោយមិនខ្វល់ថាខ្លួនកំពុងនៅទីណានោះទេ ហើយគេបានប្រាប់ទៀតថា គេទើបតែប្រើអស់ ២ គ្រាប់មុនពេលប៉ូលីសមកដល់។

អ្នកស្រុកនៅក្នុងតំបន់បាននិយាយថា ពួកគេបានកត់សម្គាល់ឃើញបុរសរូបនេះដើរចុះឡើងតាំងពីព្រឹកព្រលឹម មុនពេលមកអង្គុយនៅមុខហាងមួយ។ អ្នកស្រុកម្នាក់បានពន្យល់ថា ពួកគេបានឃើញ Apichat អុជបំពង់ជក់ថ្នាំញៀនដោយចំហ និងអង្គុយនិយាយម្នាក់ឯង។ ឥរិយាបថរបស់គេបានធ្វើឱ្យអ្នកជិតខាងមានការភ័យខ្លាច និងមិនហ៊ានចូលជិត រហូតឈានដល់ការរាយការណ៍ប្រាប់ប៉ូលីសតែម្តង។
នេះគឺជាករណីមួយក្នុងចំណោមករណីដ៏ច្រើនទៀតដែលកំពុងតែកើតមានឡើងក្នុងប្រទេសថៃ ក្រោមបរាជ័យនៃការដឹកនាំរបស់រដ្ឋាភិបាលចាំផ្ទះអនុទិន ដែលមិនបានគិតគូរពីសុខទុក្ខពលរដ្ឋខ្លួននោះឡើយ ប៉ុន្តែគិតតែរកយុទ្ធសាស្ត្រ ដុតភ្លើងជម្លោះជាមួយប្រទេសកម្ពុជា ក្នុងចេតនាក្រាញអំណាច ដើម្បីរក្សាផលប្រយោជន៍បក្សពួករបស់ខ្លួន និងជាពិសេស គឺគេចវេសមិនចង់ទទួលខុសត្រូវ ឬដោះស្រាយលើបញ្ហាអសកម្មមួយចំនួនដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់បក្សខ្លួនមិនអាចដោះចេញ៕

