កំពង់ចាម: ទឹកទន្លេមេគង្គខេត្តកំពង់ចាម ឆ្នាំនេះ បានហក់ឡើងលឿន និងស្រកវិនក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការបាក់ស្រុត ដោយឡែក សួនច្បារក្រាលការ៉ូឡា ប្រវែងប្រមាណ៧០ ម៉ែត្រ ទទឹង១,១០ម៉ែត្រ ទៅ១,៦០ម៉ែត្រ ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានទទួលរងការប្រេះស្រុតយ៉ាងដំណំ ។  

ក្រោយទទួលដំណឹងពីភ្លាមៗ ពីអាជ្ញាធរមូលដ្ឋាន, នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យស្ថានភាព ជាក់ស្តែង និងដាក់ចេញនូវវិធានការបន្ទាន់ ក្នុងការស្តារ និងបញ្ជៀសហានិភ័យ ។  

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរសង្កាត់/ក្រុង ឲ្យរៀបចំដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលប្រេះស្រុត ដើម្បីជៀសវាងធ្វើអ្នកដំណើរ ដើរធ្លាក់នៅពេលយប់ ។  

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រៀបចំក្រុមការងារចុះសិក្សាស្ថានភាពជាក់ស្តែង ចំពោះករណីនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលកន្លែងប្រេះស្រុតនេះឡើងវិញ ហើយក៏ជាការការពារ កុំឲ្យបាក់ច្រាំងទន្លេកាន់តែខ្លាំង និងមានហានិភ័យកាន់តែខ្ពស់ ។ 

គូរបញ្ជាក់ថា សួនច្បារខាងលើ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១២ ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ៕ អត្ថបទ÷អាចារ្យលាក់

Share.