គម្រោងអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានក្លាយជាសមិទ្ធផលថ្មីស្រឡាងមួយដែលឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងយុទ្ធសាស្ត្រចក្រារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ យោងតាមការចុះពិនិត្យផ្ទាល់កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងលម្ហែបៃតងនេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ១០០% ហើយ។ សមិទ្ធផលទាំងនោះរួមមាន ក្លោងទ្វារឡើងភ្នំ កន្លែងដំណាក់ដំរី បន្ទប់ទឹកស្អាត ចំណតយានយន្ត សួនច្បារ ការដាំដើមឈើចម្រុះ ហាងកាហ្វេ ផ្សារសហគមន៍ ស្នាក់ការផ្តល់ព័ត៌មាន និងបន្ទប់សង្គ្រោះបឋម។

ទន្ទឹមនឹងការអភិវឌ្ឍសំណង់អគារ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានសម្រេចការស្ថាបនាផ្លូវប្រវែង ៧,២ គីឡូម៉ែត្រ និងទទឹង ៨ ម៉ែត្រ ចាប់ពីវត្តតាំងបំពង់រហូតដល់ជើងភ្នំខ្នងផ្សារ ដោយបានចាក់ដីនិងក្រាលគ្រួសយ៉ាងមានរបៀបរៀបរយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ សម្រាប់អ្នកដែលនិយមការដើរថ្មើជើង គម្រោងនេះបានរៀបចំផ្លូវឡើងភ្នំប្រវែងជាង ៤ គីឡូម៉ែត្រ ដែលត្រូវចំណាយពេលប្រមាណ ៤ ម៉ោងដើម្បីទៅដល់តំបន់បោះតង់នៅលើខ្នងភ្នំ។ នៅតាមបណ្តោយផ្លូវឡើងភ្នំ ក្រសួងបានរៀបចំស្លាកសញ្ញាបង្ហាញចម្ងាយផ្លូវ និងសារៈប្រយោជន៍នៃការដើរឡើងភ្នំសម្រាប់សុខភាព រួមជាមួយកន្លែងសម្រាកលម្ហែដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអាចគយគន់ទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធក្នុងតំបន់ការពារធម្មជាតិរលាក់កងជើង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញនូវការណែនាំជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ដោយសង្កត់ធ្ងន់ថា ការបង្កើតគោលដៅលម្ហែបៃតងនេះ មិនត្រឹមតែជាការការពារបរិស្ថាន និងជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែជាការបំប្លែងសហគមន៍ឱ្យទៅជាសហគ្រិន។ យុទ្ធសាស្ត្រនេះមានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋមូលដ្ឋានផ្លាស់ប្តូរឥរិយាបថ និងមុខរបរពីការពឹងផ្អែកលើការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ មកចាប់យកឱកាសសេដ្ឋកិច្ចតាមរយៈសេវាកម្មទេសចរណ៍វិញ។ ការធ្វើបែបនេះនឹងជួយបង្កើនចំណូលគ្រួសារឱ្យកាន់តែប្រសើរឡើង ខណៈពេលដែលពួកគាត់ក៏ក្លាយជាកម្លាំងចលករដ៏សកម្មក្នុងការអភិរក្សធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

ជាសញ្ញានៃការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន គណៈប្រតិភូក៏បានរួមគ្នាដាំដើមឈើ «សន្តិភាព» នៅត្រង់ចំណុចក្លោងទ្វារចូលដំណាក់ដំរី មុនពេលចាប់ផ្តើមដំណើរថ្មើជើងឡើងភ្នំ។ ការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារនេះត្រូវបានចាត់ទុកថាជាគំរូជោគជ័យមួយនៃការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការការពារធនធានធម្មជាតិ ដែលជាផ្នែកមួយនៃការធ្វើឱ្យកម្ពុជាមានភាពបៃតង និងការគ្រប់គ្រងធនធានបានយូរអង្វែង ស្របតាមទស្សនវិជ្ជានៃការអភិវឌ្ឍប្រកបដោយចីរភាព៕

Share.