មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានថា ការវាយប្រហារណាមួយមកលើប្រទេសរបស់លោក នឹងបង្កឱ្យមានជម្លោះក្នុងតំបន់ ខណៈដែលសហរដ្ឋអាមេរិក នៅតែបន្តបង្កើតកងកម្លាំងរបស់ខ្លួននៅក្បែរប្រទេសអ៉ឺរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក Khamenei ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ថា «ជនជាតិអាមេរិកគួរតែដឹងថា ប្រសិនបើពួកគេចាប់ផ្តើមសង្រ្គាមនោះ លើកនេះវានឹងក្លាយជាសង្រ្គាមក្នុងតំបន់តែម្ដង»។

ដោយឡែកលោក Donald Trump បាននិយាយថា អ៊ីរ៉ង់កំពុងស្ថិតក្នុង «ការពិភាក្សាដ៏តានតឹង» ហើយគាត់សង្ឃឹមថា ពួកគេនឹងនាំទៅរកអ្វីមួយដែលអាចទទួលយកបាន ខណៈដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានប្រាប់ភ្នាក់ងារសារព័ត៌មាន CNN ថា «លោកមានទំនុកចិត្តថា យើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran »។

ជាមួយគ្នាសហរដ្ឋអាមេរិក ក៏ចេញការព្រមានកម្រិតខ្ពស់ទៅកាន់ទីក្រុងតេហេរ៉ង់ផងដែរ កាលពីថ្ងៃសៅរ៍ទី៣១ ខែមករា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ខ្លួននឹងមិនអត់ឱនចំពោះ «អាកប្បកិរិយាមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ» ឡើយ ខណៈកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតតាមជើងទឹកដែលមានរយៈពេល២ថ្ងៃ នៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក ហើយក៏ជាផ្លូវសំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលផងដែរ។


ពេលសមយុទ្ធ IRGC កើតឡើងចំពេលតំបន់ទាំងមូលកំពុងមានភាពមិនប្រាកដប្រជាខ្លាំង។ កាលពីពេលថ្មីៗនេះ លោកត្រាំ បានប្រកាសថា «កងនាវាដ៏ធំសម្បើម» ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានទៅដល់មជ្ឈិមបូព៌ាដើម្បីពង្រឹងសមត្ថភាពរារាំងរបស់អាមេរិក។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ Reuters បានដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ម្នាក់ ដែលនិយាយថា កងនាវាចរឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) មិនមានគម្រោងសម្រាប់ធ្វើសមយុទ្ធបែបនេះទេ។
យ៉ាងណាម៉ិញ ការឆ្លើយតបរបស់មេដឹកនាំអ៉ឺរ៉ង់កើតឡើងក្រោយពេល លោក ត្រាំ បានគំរាមធ្វើអន្តរាគមន៍ក្នុងប្រទេសអ៊ីរ៉ង់ ជុំវិញមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន និងបន្ទាប់ពីការបង្រ្កាបដ៏សាហាវរបស់ខ្លួនលើការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ក្រុមបាតុករ៕

