មើលលើការចេញផ្សាយរបស់សារព័ត៌មាន OhmyNews បានលម្អិតពីបញ្ហាកិច្ចសហការរវាងសាធារណរដ្ឋកូរ៉េខាងត្បូង និងកម្ពុជា បន្ទាប់ពីឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការបំភាន់ព័ត៌មានដែលបានធ្វើឱ្យប៉ះពាល់ដល់រូបភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការចុះផ្សាយមួយនេះបានលេចចេញនូវសញ្ញាវិជ្ជមានថ្មីៗកំពុងតែធ្វើឱ្យមានពន្លឺល្អប្រសើរវិញ។

ប្រភពសារព័ត៌មានមួយនេះបានលម្អិតពីប្រតិបត្តិការបង្ក្រាបយ៉ាងក្ដៅគគុក និងការសម្អាតក្រុមឧក្រិដ្ឋជនទ្រង់ទ្រាយធំពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច កម្ពុជាកំពុងតែស្តារទំនុកចិត្ត និងពង្រឹងសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ ដែលជាគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍នាពេលអនាគត។

តាមរយៈទស្សនៈរបស់អ្នកជំនាញ និងសហគមន៍ជនជាតិកូរ៉េដែលរស់នៅកម្ពុជា យុទ្ធនាការបោសសម្អាតបទល្មើសបោកប្រាស់តាមអនឡាញ (Online Scam) និងក្រុមឧក្រិដ្ឋកម្មដែលមានសាក់លើខ្លួនដែលហៅតាមភាសាសម្ងាត់ថា Artist គឺជាជំហានមួយដែលមិនអាចជៀសវាងបាន។ លោក យូន គីសប់ អ្នកសារព័ត៌មានសហគមន៍កូរ៉េ បានលើកឡើងថា៖ «វាជាដំណាក់កាលដែលឈឺចាប់ ប៉ុន្តែចាំបាច់។ ការរៀបចំឱ្យស្អាតនៅពេលនេះ ប្រសើរជាងទុកឱ្យបញ្ហានេះក្លាយជាមហារីកនៅពេលក្រោយ»។

ប្រតិបត្តិការរួមគ្នារវាងប៉ូលិសកូរ៉េ និងអាជ្ញាធរកម្ពុជា ក្នុងកិច្ចសហការចាប់ខ្លួន និងបញ្ជូនជនសង្ស័យត្រឡប់ទៅវិញ បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជដ្ឋាភិបាលកម្ពុជា ក្នុងការកម្ចាត់ក្រុមឧក្រិដ្ឋជនមិនឱ្យមានទីជម្រក ដែលជាសញ្ញាដ៏រឹងមាំជូនទៅកាន់អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ថា កម្ពុជាកំពុងវិវឌ្ឍទៅរកភាពស្អាតស្អំ និងសុវត្ថិភាពខ្ពស់។

ទោះបីជាបច្ចុប្បន្ន អាជីវកម្មរបស់ជនជាតិកូរ៉េមួយចំនួនដូចជា ភោជនីយដ្ឋាន និងម៉ាត រងការប៉ះពាល់ចំណូលខ្លះៗដោយសារការបាត់មុខក្រុមឧក្រិដ្ឋជនដែលធ្លាប់ជាអ្នកចាយវាយធំដុំ ប៉ុន្តែម្ចាស់អាជីវកម្មភាគច្រើនដូចជាលោក ប៉ាក់ និងលោក គីម យុងសិក បែរជាបង្ហាញការត្រេកអរទៅវិញ។ ពួកគាត់យល់ថា ការបាត់បង់ចំណូលពីក្រុមខុសច្បាប់ គឺជាការដូរមកវិញនូវបរិយាកាសរកស៊ីដ៏មានសុវត្ថិភាព និងភាពស្ងប់សុខសម្រាប់ភ្ញៀវទូទៅ និងក្រុមគ្រួសាររបស់ពួកគាត់។

លើសពីនេះ បញ្ហាព័ត៌មានបំភ្លៃកន្លងមកដែលថា កម្ពុជាជាទីក្រុងឧក្រិដ្ឋកម្ម ក៏កំពុងត្រូវបានលុបលាងតាមរយៈតថភាពជាក់ស្ដែង។ អ្នកស្ម័គ្រចិត្តជនជាតិកូរ៉េជាច្រើនដែលបានមកដល់កម្ពុជា បានបង្ហាញការភ្ញាក់ផ្អើល និងបញ្ជាក់ថា ស្ថានភាពជាក់ស្ដែងមានសុវត្ថិភាព និងខុសស្រឡះពីអ្វីដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមមួយចំនួន។

នៅតំបន់សៀមរាប-អង្គរ ទោះបីជាបច្ចុប្បន្នកំពុងជួបការលំបាកដោយសារការលុបចោលជើងហោះហើរខ្លះៗ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងការសម្អាតរូបភាពអវិជ្ជមាន កំពុងផ្ដល់ក្ដីសង្ឃឹមដល់មគ្គុទេសក៍ និងក្រុមហ៊ុនទេសចរណ៍ថា ភ្ញៀវកូរ៉េនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗ។

ការចូលសារភាពរបស់បុគ្គលល្បីៗ និងការបិទទ្វារនៃទីតាំងដែលសង្ស័យថាមានការពាក់ព័ន្ធនឹងការលាងលុយ បានសបញ្ជាក់ឱ្យឃើញថា ច្បាប់កំពុងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុត។ នេះគឺជាសារយ៉ាងច្បាស់ទៅកាន់ពិភពលោកថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ជនល្មើសឡើយ។

កិច្ចសហការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មនេះ មិនត្រឹមតែជួយសម្អាតសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានពង្រឹងចំណងមិត្តភាព និងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ នៅពេលដែលរបួសផ្លូវចិត្ត និងការយល់ច្រឡំត្រូវបានព្យាបាលតាមរយៈសកម្មភាពច្បាស់លាស់ នោះពន្លឺនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងទេសចរណ៍ នឹងត្រលប់មកមានភាពរស់រវើកជាងមុន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

Share.