ថៃ កំពុងក្លាយជាទីតាំងពេញនិយម ដែលឧក្រិដ្ឋជនជុំវិញពិភពលោក ជ្រើសរើសដើម្បីប្រព្រឹត្តិបទល្មើសផ្សេងៗ មិនថា កាប់សម្លាប់ ឬឆបោកនោះឡើយ ដូចជាថ្មីៗនេះ ករណីឃាតកម្មដ៏កក្រើកមួយបានផ្ទុះឡើងកណ្ដាលទីក្រុងទេសចរណ៍ផ្លូវភេទដ៏ពេញនិយម នៅបាត់តាយ៉ា រឿងសម្លាប់ជនជាតិរុស្សីវ័យក្មេងម្នាក់ ប៉ុន្តែមិនត្រឹមតែស្លាប់ធម្មតានោះឡើយ តែបានកាប់ ហាន់ និងបំបែកសាកសពជាបំបែកៗ ដោយបានយកទៅកប់នៅទីតាំងផ្សេងៗគ្នាចំនួន៥កន្លែងក្បែរស្រះទឹកមួយ។

សារព័ត៌មាន The Pattaya News បានចេញផ្សាយដោយឱ្យដឹងកាលពីថ្ងៃទី១ ខែកុម្ភៈ នេះថា ប៉ូលីសក្នុងខេត្តឈុនបុរី បានរកឃើញបំណែកសាកសពជនជាតិរុស្សី អាយុ ៣០ឆ្នាំម្នាក់ ដែលត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃ។
បំណែកសាកសពរបស់បុរសជនជាតិរុស្ស៊ីនេះ ត្រូវបានគេកប់នៅទីតាំងផ្សេងៗពីគ្នា ចំនួន ៥កន្លែង នៅលើដីគែមមាត់ស្រះទឹកមួយកន្លែង លើផ្លូវ Phatthanakan4 ក្នុងទីក្រុង Pattaya។ តាមការស្រាវជ្រាវ ជនរងគ្រោះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងអស់រយៈពេលជាង ២៣ថ្ងៃមកហើយ ដោយម្តាយរបស់គាត់បានធ្វើដំណើរពីប្រទេសរុស្ស៊ី មកប្រទេសថៃ ដើម្បីរាយការណ៍ពីការបាត់ខ្លួនកូនប្រុស រហូតឈានដល់ការស៊ើបអង្កេត។

អំឡុងពេលនៃការស៊ើបអង្កេត អាជ្ញាធរបានរកឃើញសារគំរាមកំហែងទាមទារឱ្យសងបំណុលលើសពី ១២០,០០០ដុល្លារអាមេរិក ដោយប៉ូលីសជឿថា ការសារនេះមានទំនាក់ទំនងជាមួយបំណុលដែលមិនទាន់បានបង់ ដែលត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធជាមួយភាពជាដៃគូអាជីវកម្មកញ្ឆាដែលបានបរាជ័យ។
លុះដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ូលីសបានចាប់ខ្លួនជនសង្ស័យជនជាតិរុស្សី ២នាក់ ពាក់ព័ន្ធករណីឃាតកម្មនេះ ដែលពួកគេកំពុងស្នាក់នៅសណ្ឋាគារមួយកន្លែង លើផ្លូវ Sukhumvit 71 ក្នុងទីក្រុងបាងកក បញ្ជូនមកស្នងការប៉ូលីសដើម្បីសួរចម្លើយ។ ជាលទ្ធផល ជនសង្ស័យទាំង២នាក់ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ទាំងអស់ ទោះមិនទាន់មានភស្ដុតាងចោទប្រកាន់ច្បាស់លាស់ ប៉ុន្តែអ្នកទាំង២នេះ នៅតែជាប់ឈ្មោះជាមុខសញ្ញាសង្ស័យលេខ១ សម្រាប់ករណីឃាតកម្មនេះដដែល។



យ៉ាងណាម៉ិញ ករណីនេះកំពុងត្រូវបានប៉ូលិសប៉ុស្តិ៍ Nongprue ដោះស្រាយ ដោយមានការសហការណ៍ពីប៉ូលិសស៊ើបអង្កេតរបស់ខេត្តឈុនបុរី។ ព័ត៌មានលម្អិតបន្ថែម រួមទាំងអ្នកសមគំនិតបន្ថែមដែលអាចកើតមាន និងការរកឃើញផ្នែកកោសល្យវិច្ច័យ ត្រូវបានគេរំពឹងថា នឹងលេចចេញនៅពេលមានការសួរចម្លើយបន្ត។
សូមជម្រាបថា នេះមិនមែនជាករណីឃាតកម្មដ៏សាហាវដែលកើតមានលើកដំបូងក្នុងប្រទេសថៃទេ សារព័ត៌មានធំៗរបស់អន្តរជាតិជាច្រើន ធ្លាប់បានទម្លាយថា ភាពខ្មៅងងឹតនៃក្រុមសង្គមងងឹងបងធំនៅក្នុងប្រទេសថៃ គឺពិតជាគួរឱ្យខ្លាច និងរអាបំផុតទៅវិញទេ។ ជាក់ស្ដែងករណីឃាតកម្មយ៉ាងព្រៃផ្សៃ និងការឆបោកធ្វើទារុណកម្មយ៉ាងឃោឃៅបានកើតឡើងចំពោះជនជាតិកូរ៉េមានច្រើនករណីមកហើយ ហើយភាគច្រើនបំផុត គឺស្ថិតនៅលើទឹកដីនៃខេត្ត ឈុនប៊ុរី ខេត្ត រៈយ៉ង និងក្រុងបាត់តាយ៉ា ដែលជាប្លុកសំបូរអ្នកទេសចរណ៍កូរ៉េច្រើនជាងគេ។

មែនទែនទៅ ករណីដែលបានកើតឡើងនេះត្រូវបានគេមើលឃើញថា ហាក់បីដូចជាថៃ បិទភ្នែកម្ខាងបើកភ្នែកម្ខាង និង បើកដៃឱ្យម៉ាហ្វៀបរទេសធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ។
បើតាមការស្រាវជ្រាវពីការចេញផ្សាយលើបណ្ដាសារព័ត៌មានបរទេស និងសារព័ត៌មានថៃកន្លងបានបង្ហាញថា ករណីឃាតកម្មលើជនជាតិកូរ៉េធ្វើឡើងនៅក្នុងប្រទេសថៃ មានទាំងសម្លាប់បំបែកសាកសពកាត់ជាកំណាត់ៗញាត់ចូលទៅក្នុងធុងទឹកខ្មៅហើយយកទៅបោះទម្លាក់ចោលក្នុងអាស្ដុកទឹក ហើយខ្លះទៀតសម្លាប់បំបែកសាកសពហាន់ជាចំណិតៗខ្ចប់ដាក់ថង់ខ្មៅរួចយកទៅបោះចោលនៅព្រៃស្ងាត់ និងការធ្វើទារុណកម្មបង្ខំឱ្យជនជាតិកូរ៉េបោកប្រាក់គ្រួសារសាច់ញាតិជំរិតទារប្រាក់រាប់លានជាដើម។
ហេតុការណ៍ទាំងអស់នោះសុទ្ធតែបានកើតឡើងនៅក្នុងប្រទេសថៃទាំងអស់ ដែលវាបានបង្ហាញថា ប្រទេសថៃ ដូចជាបើកដៃឱ្យក្រុមសង្គមខ្មៅងងឹតធ្វើទង្វើឧក្រិដ្ឋកម្មនៅក្នុងប្រទេសខ្លួន ខណៈកន្លងមកថ្មីៗនេះដែរ ក្រុមនយោបាយថៃក៏ធ្លាប់លើកអំណះអំណាងពីបញ្ហានេះនៅក្នុងសម័យប្រជុំសភាដេញដោលពីគោលនយោបាយរបស់រដ្ឋាភិបាលលោក អនុទិន ផងដែរ៕

