ថៃដែលជាប្រទេសមួយត្រូវបានជនជាតិបរទេសរំពឹងទុកថាជាឋានសួគ៌នៃការកម្សាន្តសប្បាយ និងមានសុវត្ថិភាពបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែធាតុពិតសារព័ត៌មានធំៗរបស់អន្តរជាតិបានទម្លាយថា ភាពខ្មៅងងឹតនៃក្រុមសង្គមងងឹងបងធំនៅក្នុងប្រទេសថៃគឺពិតជាគួរឱ្យខ្លាចនិងរអាបំផុតទៅវិញទេ។

ជាក់ស្ដែងករណីឃាតកម្មយ៉ាងព្រៃផ្សៃ និងការឆបោកធ្វើទារុណកម្មយ៉ាងឃោឃៅបានកើតឡើងចំពោះជនជាតិកូរ៉េមាន​ច្រើន​ករណីមក​ហើយ ហើយភាគច្រើនបំផុតគឺស្ថិតនៅលើទឹកដីនៃខេត្ត ឈុនប៊ុរី រៈយ៉ង និងបាត់តាយ៉ា ដែល​ជា​ប្លុក​សំបូរអ្នក​ទេសចរណ៍កូរ៉េច្រើនជាងគេ​។

ករណី​ដែល​បាន​កើត​ឡើង​នេះត្រូវ​បាន​គេ​មើល​ឃើញថា ហាក់បីដូចជាថៃ បិទភ្នែកម្ខាងបើកភ្នែក​ម្ខាង និង បើកដៃឱ្យម៉ាហ្វៀបរទេសធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ។ ប្រព័ន្ធផ្សព្វផ្សាយ​ថៃ​បាន​ចេញ​ផ្សាយ​វាយប្រហារ​មក​លើ​កម្ពុជាលើ​ករណី​និស្សិត​ម្នាក់​បាន​ស្លាប់​ កាល​ពីអំឡុងខែសីហា ប៉ុន្តែ​ថៃ​កើត​មាន​ករណីទាំង​ឃាតកម្ម ទាំងឆបោកឆ្លងដែន ទាំងលាងលុយកខ្វក់ ចុះហេតុអ្វីថៃព្យាយាមលុបបំបាត់និងបំបិទរឿងអាម៉ាស់អស់ទាំងនេះនិងមិនចង់ទទួលស្គាល់ការពិតទៅវិញ?

បើតាមការស្រាវជ្រាវពីការចេញផ្សាយលើបណ្ដាសារព័ត៌មានបរទេស និងសារព័ត៌មានថៃកន្លងបានបង្ហាញថា ករណីឃាតកម្មលើជនជាតិកូរ៉េធ្វើឡើងនៅក្នុងប្រទេសថៃ មានទាំងសម្លាប់បំបែកសាកសពកាត់ជាកំណាត់ៗញាត់ចូលទៅក្នុងធុងទឹកខ្មៅហើយយកទៅបោះទម្លាក់ចោលក្នុងអាស្ដុកទឹក ហើយខ្លះទៀតសម្លាប់បំបែកសាកសពហាន់ជាចំណិតៗខ្ចប់ដាក់ថង់ខ្មៅរួចយកទៅបោះចោលនៅព្រៃស្ងាត់ និងការធ្វើទារុណកម្មបង្ខំឱ្យជនជាតិកូរ៉េបោកប្រាក់គ្រួសារសាច់ញាតិជំរិតទារប្រាក់រាប់លានជាដើម។

ហេតុការណ៍ទាំងអស់នោះសុទ្ធតែបានកើតឡើងនៅក្នុងប្រទេសថៃទាំងអស់ ដែលវាបានបង្ហាញថា ប្រទេសថៃ ដូចជាបើកដៃឱ្យក្រុមសង្គមខ្មៅងងឹតធ្វើទង្វើឧក្រិដ្ឋកម្មនៅ​ក្នុង​ប្រទេសខ្លួន ខណៈកន្លងមកថ្មីៗនេះដែរ ក្រុមនយោបាយថៃក៏ធ្លាប់លើកអំណះអំណាងពីបញ្ហានេះនៅក្នុងសម័យប្រជុំសភាដេញដោលពីគោលនយោបាយ​របស់រដ្ឋាភិបាល​លោក​ អនុទិន ផងដែរ។ រាល់សកម្មភាពទាំងអស់ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេសថៃ បានបញ្ជាក់ពីការចងជាប្រព័ន្ធរវាងក្រុមឧក្រិដ្ឋកម្ម និងក្រុមអ្នកនយោបាយថៃ ឬអ្នក​មាន​អំណាចនៅ​ក្នុង​ជួររដ្ឋាភិបាល​ជា​ខ្នងបង្អែក។​

ក្រៅ​ពី​ប្រព្រឹត្តិ ឧក្រិដ្ឋកម្ម ឆបោកឆ្លងដែន លាងលុយកខ្វក់ហើយនោះ ថៃក៏ជាទីតាំងដ៏ពេញនិយមមួយដែល​ ក្រុមសង្គមងងឹត ឬ​ពួកម៉ាហ្វៀកូរ៉េខាងត្បូង ប្រើដើម្បី​ប្រព្រឹត្តិបទល្មើសផ្សេងៗ មាន​ការ​ធ្វើ​ឃាតជាដើម។ ​ងាកមករំលឹករឿងក្ដីឃាតកម្មព្រៃផ្សៃលើជនជាតិកូរ៉េ ដែលបានកើតឡើងនៅប្រទេសថៃ ដែល​សារព័ត៌មានត្រយងបាន​ស្រាវជ្រាវរក​ឃើញ​មាន​ដូចខាង​ក្រោម៖ ករណីទីមួយមាន យុវជនជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះ លោក Roh Eui Jong មានអាយុ ៣៤ ឆ្នាំត្រូវបានមិត្តរួមជាតិចំនួន ២ នាក់សម្លាប់បំបែកសាកសពហើយយកសពញាត់ចូលក្នុងធុងទឹកខ្មៅចំណុះ ២០០ លីត្រ រួចចាក់ស៊ីម៉ង់ត៍និងរុំខ្សែបិទជិត នាំយកទៅទម្លាក់ចោលក្នុងអាងស្តុកទឹក ម៉ាបប្រាឆាន់ ក្នុងខេត្តឈុនបុរី ។ ក្រោយមកសាកសពត្រូវបានគេរកឃើញកាលពីយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៤។

យ៉ាងណាមិញកាលវិភាគសង្ខេបពីរឿងក្ដីឃាតកម្មនេះបានបញ្ជាក់ថា នៅថ្ងៃទី ៣ ឧសភា ២០២៤ ប្រហែលម៉ោង ២ ទៀបភ្លឺ កាមេរ៉ាសុវត្ថិភាពបានបង្ហាញថា បុរសជនជាតិកូរ៉េ ២ នាក់បានចាប់ជនរងគ្រោះគឺលោក Roh ដាក់ក្នុងរថយន្តជួលហើយបើកចេញទៅទិសដៅទៅខេត្តនៃសួនសុភិនីប៉ាតាយ៉ា។  ក្រោយមកពួកគេបានប្តូររថយន្តជួលមួយទៀតជារថយន្តភីកអាប់ និងបានជួលផ្ទះស្នាក់នៅក្បែរអាងស្តុកទឹកម៉ាបប្រាឆាន់ ខេត្តឈុនបុរី។ លុះដល់ថ្ងៃទី ៤ ឧសភា ប្រហែលម៉ោង ៩ យប់ រថយន្តភីកអាប់មួយគ្រឿងនោះបានបើកចេញពីកន្លែងស្នាក់នៅ ដោយមានដាក់ធុងខ្មៅខាងក្រោយគ្របក្រណាត់ខ្មៅយ៉ាងជិត ហើយបានទៅចតនៅក្បែរអាងស្តុកទឹកនោះប្រហែល ១ ម៉ោងអាធាត្រ។

បន្ទាប់មកនៅថ្ងៃទី ៧ ឧសភា ម្តាយរបស់លោក Roh នៅប្រទេសកូរ៉េខាងត្បូងបានទទួលទូរស័ព្ទអាថ៌កំបាំងមួយ ដែលទាមទារប្រាក់លោះចំនួន ៣ លានបាត (ប្រហែល ៨១,០០០ ដុល្លារអាមេរិក) ទាំងគំរាមថាកូនប្រុសរបស់គាត់ត្រូវប៉ូលិសចាប់ពីបទចោលគ្រឿងញៀនចូលក្នុងទឹកនៅក្នុងប្រទេសថៃ បណ្តាលឱ្យពួកគេខាតបង់យ៉ាងមហាសាល។ ពួកគេគំរាមសម្លាប់លោក Roh បើមិនបានប្រាក់តាមចំនួន។ ម្តាយជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅស្ថានទូតកូរ៉េ និងសម្របសម្រួលជាមួយប៉ូលិសថៃ។

ថ្ងៃទី ១១ ឧសភា ប៉ូលិសបានរេកម្លាំងអ្នកមុជទឹកទៅស្វែងរកនៅអាងស្តុកទឹក ហើយបានរកឃើញធុងទឹកពណ៌ខ្មៅចំណុះ ២០០ លីត្រ ដែលមានចាក់ស៊ីម៉ង់ត៍ ហើយនៅខាងក្នុងមានសពមនុស្សជាចំណិត។ ប៉ូលិសជឿជាក់ថាជាសពរបស់លោក Roh Eui Jong។ ដោយឡែកករណីឃាតកម្មនេះប៉ូលិសបានកំណត់អត្តសញ្ញាណជនសង្ស័យទាំង ២ នាក់។ ជនសង្ស័យម្នាក់បានរត់គេចខ្លួនចេញពីប្រទេសថៃកាលពីថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២៤ យ៉ាងមានសុវត្ថិភាព ហើយម្នាក់ទៀតកំពុងស្ថិតក្នុងការតាមចាប់ខ្លួននិងគ្មានតម្រុយ។ សាកសពវិញត្រូវបានគេរាយការណ៍ថាមានស្លាកស្នាមធ្វើទារុណកម្មយ៉ាងឃោរឃៅ និងបានកាត់ផ្តាច់ម្រាមដៃទាំង ១០ ផងដែរ។

ទោះជាយ៉ាងណារឿងក្ដីឃាតកម្មលើជនជាតិកូរ៉េនៅមិនទាន់ចាកចេញពីប្រទេសថៃនៅឡើយទេ ករណីទីពីរដែលសារព័តមានត្រយងសូមលើកយកមកបង្ហាញជូន ពិតជាឃោរឃៅនឹកស្មានមិនដល់។ ករណីនេះកើតឡើងនៅឆ្នាំ ២០១៩ ដែលសារព័ត៌មានថៃធំបានផ្សាយថា ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យទាំងអស់ក្នុងករណីឃាតកម្មហាន់សាកសពជនជាតិកូរ៉េខាងត្បូងមានឈ្មោះ Choe Myeonghun រួចយកទៅផ្លុងចោលនៅក្នុងព្រៃស្ងាត់ខេត្តរ៉ាក់យ៉ង និងបានប្រកាសបិទបញ្ចប់សំណុំរឿងនេះនៅថ្ងៃទី ២៥ មករា ២០១៩។

ឃាតកម្មនេះកើតឡើងដោយសារជម្លោះឆបោកប្រាក់ក្នុងឧក្រិដ្ឋកម្មល្បែងអនឡាញ។  លោក Hong Jun Kim ដែលជាជនសង្ស័យម្នាក់ បានសារភាពថា លោកធ្វើដំណើរមកប្រទេសថៃជាកន្លែងដែលមិត្តរួមជាតិ ២ នាក់ផ្សេងទៀតបានសម្លាប់លោក Choe Myeonghun កាលពីថ្ងៃទី ១៦ ខែមករា។ ស្នាមឈាមនៅលើវាំងនន និងកម្រាលបន្ទប់ទឹកជាន់ទី ២ នៃផ្ទះជួលនៅក្នុងខេត្តរ៉ាក់យង គឺជាកន្លែងពួកគេធ្វើសកម្មភាពសម្លាប់ និងហាន់សាកសពជាចំណិតៗដើម្បីបំបិទភស្ដុតាង។ លោក Hong Jun Kim បានទទួលស្គាល់ថាខ្លួនបានជួយអូសសាកសពចូលបន្ទប់ទឹក តែមិនមែនជាអ្នកសម្លាប់ផ្ទាល់ទេ។ លោក Kim Young Woon ដែលជាអ្នកគប់គិតសម្លាប់និងហាន់សាកសព ត្រូវបានចាប់ខ្លួននៅ ខេត្តត្រាច អំឡុងពេលកំពុងព្យាយាមរត់គេចតាមរយៈរថយន្តតាក់ស៊ី។ ជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងខេត្តឈុនបុរីអំឡុងពេលកំពុងជិះតាក់ស៊ីរត់គេច។

ស្របទៅនឹង​អ្វីដែល​អ្នក​នយោបាយបក្សប្រឆាំងបាន​រកឃើញ និង​លាតត្រដាង រួមផ្សំ​ទៅ​នឹង​ការផ្សព្វផ្សាយ​ពីករណីឃាតកម្ម​ដ៏សាហាវ ដែល​ជនជាតិ​កូរ៉េ បាន​ប្រើប្រាស់​ទីតាំង​ប្រទេសថៃប្រព្រឹត្តិបទល្មើសសម្លាប់ជនជាតិខ្លួន បាន​ស្ដែងឱ្យឃើញថា ថៃ គឺជាទីតាំង​ដ៏ពេញនិយម និង​អំណោយផល​ឱ្យ​ពួកងាយ​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​យ៉ាងស្រួល ដូច្នេះហើយទើបថៃ តែងតែទាញកម្ពុជា ទៅក្នុង​ល្បែង​នយោបាយរបស់ខ្លួន ហើយរកលេស និង​ឱកាស​ដើម្បីទម្លាក់កំហុស​មក​ឱ្យ​កម្ពុជា ទទួល​រងគ្រោះ​និងកំហុស ជំនួសថៃ​ជា​និច្ច ដើម្បីបង្វែរ​ការ​ចាប់អារម្មណ៍ពីក្រសែភ្នែក​ប្រជាជនខ្លួន និង​មតិអន្តរជាតិឱ្យ​មើលរំលងពីកំហុស ក៏ដូចជាបទឧក្រិដ្ឋនានាដែល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេសថៃ៕

Share.