ត្បូងឃ្មុំ៖ រយៈពេល២ថ្ងៃមកហើយមានរថយន្តដឹកដំឡូងស្រស់ក្រៀមជាច្រើនគ្រឿងបានកកស្ទះនៅច្រកព្រំដែននៃខេត្តត្បូងឃ្មុំជាប់ព្រំប្រទល់ប្រទេសវៀតណាមមានចំនួនពីរច្រក គឺច្រកទ្វេរភាគីដារ ឬ “ច្រកដូង៧ដើម” ស្ថិតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងច្រកត្រពាំងផ្លុង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ តែនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ រថយន្តទាំងនោះ បានចូលលក់ដំឡូងនៅប្រទេសវៀតណាមជាធម្មតាវិញហើយ ។

បើតាមជំនួយការរបស់លោក មួន សុភាព ប្រធានច្រកអន្តរជាតិត្រពាំងផ្លុង បានឲ្យដឹងថា នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ ខាងភាគីប្រទេសវៀតណាមអនុញ្ញាតិឲ្យរថយន្តដឹកដំឡូងចូលវិញជាធម្មតា មូលហេតុមានការកកស្ទះនោះ គឺដោយសារខាងភាគីច្រករបស់វៀតណាមខូចបច្ចេកទេសស្ទីសស្ទឹម ជាហេតុទើបមានការត្រួតពិនិត្យទៅលើប្រពន្ធគ្រប់គ្រងឲ្យបានត្រឹមត្រូវឡើងវិញ ដូចជា រថយន្តត្រូវមានស្លាកលេខ មានឈៀក ម្ចាស់ត្រូវមានបណ្ណបើកបរ និងអត្តសញ្ញាណបណ្ណផងដែរ ។ ឥលូវត្រូវបានជំនាញរៀបចំឲ្យដំណើរការឡើងវិញហើយ ដូច្នេះរថយន្តដឹកដំឡូងទាំងអស់ត្រូវចូលជាធម្មតាដូចនាពេលកន្លងមក ។ រថយន្តកកស្ទះចំនួន២ថ្ងៃ មានចំនួនជិត៣០០គ្រឿង សម្រាប់ច្រកត្រពាំងផ្លុងយើងនេះ សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រថយន្តចូលជាបន្តបន្ទាប់ លែងកកស្ទះទៀតហើយ ។


   លោក ហាស ពណ្ណរិទ្ធ ប្រធានច្រកទ្វេរភាគីដារ បានឲ្យដឹងដែរថា ពិតជាមានរថយន្តដឹកដំឡូងមានការកកស្ទះដែរ គឺដោយសារ ខាងភាគីវៀតណាម បានចុះធ្វើភូតគាមអនាម័យ រយៈពេល១ថ្ងៃកន្លះ គឺថ្ងៃទី៣០ និងទី៣១ ខែមករា ឆ្នាំ២០២៦នេះតែម្តង ឥលូវចប់រួចរាល់ហើយ ហើយក៏បានអនុញ្ញាតិឲ្យរថយន្តដឹកដំឡូងដែលកកស្ទះប្រហែលជិត៤០០គ្រឿងនោះ ចូលទៅវៀតណាមអស់ហើយដែរ ៕


អត្ថបទ៖អាចារ្យលាក់

Share.