បើរាប់ថយក្រោយនៃថ្ងៃបោះឆ្នោតសកលថ្មីនៅក្នុងប្រទេសគឺនៅសល់តែ ៦ ថ្ងៃ ទៀតប៉ុណ្ណោះ មុននឹងម្ចាស់ឆ្នោតថៃជាង ៥២ លាននាក់ ត្រូវសម្រេចវាសនាប្រទេសថៃនៅថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខ ចរន្តនយោបាយបានបង្ហាញយ៉ាងច្បាស់នូវការបែងចែករវាងមនោគមវិជ្ជាប្រជាធិបតេយ្យ និងរបៀបវារៈរក្សាអំណាចអភិរក្សនិយម។
ផ្អែកតាមលទ្ធផលស្ទង់មតិចុងក្រោយពីគ្រប់ស្ថាប័ន គណបក្សដែលមាននិន្នាការប្រជាធិបតេយ្យច្បាស់លាស់ពីរ គឺ គណបក្សប្រជាជន និង គណបក្សភឿថៃ កំពុងក្តោបក្តាប់ប្រជាប្រិយភាពលើសលប់ បើធៀបនឹងគណបក្សភូមិាចៃថៃរបស់លោក អនុទិន ឆានវីរៈកូល ដែលកំពុងដើរតួជានាយករដ្ឋមន្ត្រីចាំផ្ទះ។

យោងតាមការចុះផ្សាយលទ្ធផលស្ទង់មតិជុំចុងក្រោយពី Matichon-Daily News និង Suan Dusit បានបង្ហាញរូបភាពដូចគ្នាថា លោក ណាត់ថៈផុង រឿងបញ្ញាវុឌ្ឍិ មេដឹកនាំបក្សប្រជាជន នៅតែជាបេក្ខភាពដែលពលរដ្ឋចង់បានជានាយករដ្ឋមន្ត្រីបំផុត ដែលទទួលបានសំឡេងគាំទ្រពីការបោះឆ្នោតសាកល្បងដល់ទៅ ៣៥%។ ភាពខ្លាំងរបស់បក្សប្រជាជន ស្ថិតនៅលើការសន្យាកែទម្រង់រចនាសម្ព័ន្ធ កាត់បន្ថយឥទ្ធិពលយោធា និងការបង្កើតរដ្ឋធម្មនុញ្ញថ្មី ដែលជាឆន្ទៈពិតរបស់ប្រជាជន។
ទន្ទឹមនឹងនោះ បក្សភឿថៃ ទោះបីជាធ្លាប់រងការរិះគន់រឿងបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សចាស់ក៏ដោយ បក្សនេះក៏នៅតែរក្សាបាននូវមូលដ្ឋានគាំទ្រយ៉ាងរឹងមាំតាមរយៈគោលនយោបាយសេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលទទួលបានសំឡេងគាំទ្រពីការបោះឆ្នោតសាកល្បងដល់ទៅ ៣២%។ ការដែលបក្សទាំងពីរនេះទទួលបានសម្លេងគាំទ្រខ្ពស់ក្នុង បញ្ជីរាយនាមបក្សទាំងអស់នៅក្នុងប្រទេសថៃ នោះបានសបញ្ជាក់ថា ពលរដ្ឋថៃភាគច្រើនចង់ឃើញការដឹកនាំតាមបែបស៊ីវិល និងការផ្លាស់ប្តូរដែលឆ្ពោះទៅរកសកលភាវូបនីយកម្ម។
ផ្ទុយទៅវិញ លោក អនុទិន ឆានវីរៈកូល ដែលកំពុងកាន់តំណែងនាយករដ្ឋមន្ត្រីចាំផ្ទះ បែរជាកំពុងស្ថិតក្នុងស្ថានភាពការពារខ្លួនយ៉ាងលំបាក។ ការព្យាយាមប្រើប្រាស់ល្បែងជាតិនិយមទាក់ទាញសំឡេងឆ្នោត ជាពិសសទៅលើលើបញ្ហាព្រំដែនថៃ និងកម្ពុជា រួមជាមួយការបង្ហាញរូបភាពជិតស្និទ្ធជាមួយយោធាទៀតនោះ ហាក់មិនអាចទាញយកសំឡេងឆ្នោតចេញពីការគាំទ្ររបស់ប្រជាជនដែលស្រឡាញ់ជាតិពិតបានតាមការរំពឹងទុកឡើយ។

ប្រជាជនថៃដែលស្រឡាញ់ជាតិពិតប្រាកដបែរជាមើលឃើញថា បក្សភូមិាចៃថៃរបស់លោក អនុទិន គឺជាក្រុមបក្សឱកាសនិយម ដែលតែងតែអែបអបជាមួយក្រុមអំណាចយោធា និងក្រុមអំណាចរាជវង្ស ដើម្បីរក្សាខ្យល់ដង្ហើមអាសនៈក្នុងជួររដ្ឋាភិបាល។ ការដែលលោកអនុទិនជ្រើសរើសមិនឡើងវេទិកាតតាំងមតិជាសាធារណៈហើយបែរជាបង្ហាញមុខនិយាយថ្លែងការណ៍នៅតាមតំបន់ជួរមុខជាមួយក្រុមយោធា ត្រូវបានអ្នកវិភាគមើលឃើញថា នោះគឺជាការភ័យខ្លាចក្នុងការប្រឈមមុខនឹងសំណួរពិបាកៗអំពីលទ្ធិប្រជាធិបតេយ្យដែលបក្សមួយអសមត្ថភាព ជាពិសេសគេចវេសពីការមិនគោរពកិច្ចព្រមព្រៀងនយោបាយកន្លងមក។
យ៉ាងណាមិញ នៅសល់ពេលវេលាតែ ៦ ថ្ងៃទៀតប៉ុណ្ណោះ ប្រសិនបើលទ្ធផលបោះឆ្នោតចេញមកស្របតាមការស្ទង់មតិខាងលើនេះ នោះមានន័យថា យុទ្ធសាស្ត្រប្រើប្រាស់យោធាជាខែលបង្អែក ឬជាឆ្អឹងខ្នងរបស់លោក អនុទិន ក្រោកឡើងដើរពើងទ្រូងដល់ប្រជាជនខ្លួន នឹងត្រូវបរាជ័យទាំងស្រុងនៅចំពោះមុខឆន្ទៈពិតប្រាកដប្រជាជនថៃដែលស្រឡាញ់និងឱ្យតម្លៃទៅលើលិទ្ធប្រជាធិបតេយ្យពិតប្រាកដ។ គណៈបក្សប្រជាជន និងបក្សភឿថៃ ទោះបីជាមានភាពខុសគ្នាខ្លះលើវិធីសាស្ត្រគោលនយោបាយរបស់បក្សរៀងខ្លួន ប៉ុន្តែពួកគេមានចំណុចរួមមួយរួម គឺការបដិសេធរដ្ឋាភិបាលដែលគ្រប់គ្រងដោយស្រមោលយោធា។
ដូច្នោះហើយ ថ្ងៃទី ៨ កុម្ភៈ ២០២៦ មិនមែនគ្រាន់តែជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនោះទេ ប៉ុន្តែវាគឺជាការបោះឆ្នោតបណ្តេញឥទ្ធិពលអែបអបយោធា ចេញពីឆាកនយោបាយថៃ ដើម្បីបើកផ្លូវឱ្យប្រជាធិបតេយ្យពិតប្រាកដអាចដកដង្ហើមបានឡើងវិញ៕

