[ភ្នំពេញ]៖ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការចំពោះ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។

របៀបវារៈសំខាន់ៗនៃដំណើរបំពេញទស្សនកិច្ច

ក្រៅពីជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ក៏មានកម្មវិធីជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន៖

  • ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
  • ជំនួបសម្តែងការគួរសម ជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
  • ជំនួបសម្តែងការគួរសម ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គោលបំណង និងសារៈសំខាន់

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការរឹតចំណងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ក្នុងការ៖

  1. ពង្រឹងកិច្ចសហប្រតិបត្តិការសភា រវាងកម្ពុជា និងប៉ាគីស្ថាន ឱ្យកាន់តែស្អិតរមួត។
  2. លើកកម្ពស់ការទូតសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
  3. ជំរុញកិច្ចសន្ទនាអន្តរជាតិ ដើម្បីស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

គួរបញ្ជាក់ថា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ក៏ជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ផងដែរ ដែលសបញ្ជាក់ឱ្យឃើញពីឥទ្ធិពលនៃការទូតសភារវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក្នុងយុគសម័យថ្មីនេះ៕

អត្ថបទ៖ត្រយង

Share.