ដើមឆ្នាំ២០២៦ ហើយ ថៃនៅតែបន្ដរងគ្រោះមហន្ដរាយជាច្រើន មិនថា ខ្យល់ពុល ឬគ្រោះអគ្គិភ័យនោះទេ លើសពីនេះ ថៃក៏កំពុងតែមានរឿងអាស្រូវមិនចេះចប់មិនចេះហើយថែមទៀត។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS world បានឱ្យដឹងនាថ្ងៃទី២ ខែកុម្ភៈ នេះថា មានករណីរថយន្ដដឹកប្រេងមួយគ្រឿងបានផ្ទុះឆេះនៅក្នុងឃ្លាំងប្រេងឯកជនមួយកន្លែងនៅស្រុកក្រនួន ខេត្តខនកេន បង្កជាអគ្គីភ័យដ៏ធំមួយ និងបណ្តាលឱ្យកម្មករម្នាក់ស្លាប់។

អណ្ដាតភ្លើងបានឆាបឆេះរថយន្ដដឹកប្រេង និងតំបន់ជុំវិញយ៉ាងសន្ធោសន្ធៅ បង្ខំឱ្យមានការជម្លៀសមនុស្ស និងសិស្សនៅសាលារៀនក្បែរទីតាំងកើតហេតុទៅកន្លែងសុវត្ថិភាព ខណៈសមត្ថកិច្ច និងមន្រ្តីពន្លត់អគ្គិភ័យកំពុងព្យាយាមនាំគ្នាបាញ់ពន្លត់ភ្លើង ដើម្បីកុំឱ្យឆេះរាលដាលបន្ថែមពីប្រេងឥន្ទនៈដែលនៅសល់។


នៅថ្ងៃដដែលនោះ សារព័ត៌មាន Khaosod បានផ្សាយដែរថា មានករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតស្នោមួយកន្លែងទៀតនៅស្រុកមឿង ខេត្តឈុនបុរី ដោយប្រើពេលអស់ជាច្រើនម៉ោងដើម្បីបាញ់ពន្លត់ កត្តាទាំងអស់នេះបានធ្វើឱ្យជះផ្សែងអ័ព្ទពេញផ្ទៃមេឃ ស្របពេលដែលទីក្រុងបាងកក និងខេត្តជាច្រើនរបស់ថៃ កំពុងតែប្រកាសពីហានិភ័យនៃខ្យល់ពុលលើបរិយាកាស។


បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុដែលបង្កឱ្យមានការផ្ទុះនេះ ខណៈព័ត៌មានលម្អិតបន្ថែមមិនទាន់ត្រូវបានបង្ហាញភ្លាមៗនោះទេ។
សូមរំលឹកថា ករណីគ្រោះអគ្គីភ័យ ដូចជាកំពុងញ៉ាំញីប្រទេសនេះជាហូរហែរ ព្រោះកាលពីខែមករា ដើមឆ្នាំនេះ មានករណីផ្ទុះឆេះយន្ដហោះចម្បាំងស្លាប់ទាហានអាកាស ២នាក់ និងផ្ទុះឆេះរោងចក្រផលិតកាំជ្រួចមួយកន្លែងទៀតនៅខេត្តសុផាន់បុរី ដែលកំពុងបង្កការភ័យខ្លាច និងព្រួយបារម្ភខ្លាំងពីសំណាក់ពលរដ្ឋថៃ៕
ប្រភព៖ Thai PBS world & Khaosod

