កំពង់ធំ៖ ក្រុមវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិក របស់អង្គការ Medical Mission Outreach បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមិនគិតថ្លៃ កាលនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។

សកម្មភាពនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងអង្គការ Medical Mission Outreach តាមរយៈលោក ហ្វីលីព កាស្រ្តូ ប្រធានអង្គការ ប៊ីលេគ អភិវឌ្ឍន៍សហគមន៍អន្តរជាតិ ជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក និងរដ្ឋបាលស្រុកតាំងគោក។



ក្នុងថ្ងៃបេសកកម្មនេះ ក្រុមគ្រូពេទ្យអាមេរិកចំនួនប្រមាណ ៦០ នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតឯកទេសប្រមាណ ៣០ នាក់ បានពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺភ្នែក និងជំងឺមាត់ធ្មេញ ជូនប្រជាពលរដ្ឋសរុបចំនួន ៤៣៣ នាក់។ ក្នុងនោះ មានអ្នកជំងឺទូទៅ ២៥៤ នាក់ ជំងឺភ្នែក ១៥៤ នាក់ និងជំងឺមាត់ធ្មេញ ២៥ នាក់។

ការពិនិត្យ និងព្យាបាលជំងឺនេះធ្វើឡើងរយៈពេលមួយថ្ងៃពេញ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច ដោយមានការចូលរួមសហការពីអាជ្ញាធរ និងមន្ត្រីសុខាភិបាលមូលដ្ឋាន។





សូមបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិតអាមេរិកនេះ ធ្លាប់មកបំពេញបេសកកម្មពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកតាំងគោកម្តងរួចមកហើយកាលពីខែតុលា ឆ្នាំ២០២៥៕
អត្ថបទ÷កំពង់ធំ

