យោងតាមរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានបង្ហាញឱ្យឃើញពីលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលប្រមាណ ១៣ ខែកន្លងមកនេះ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានប្រមាណ ៧២,២៩% នៃផែនការរួម ដែលក្នុងនោះលទ្ធផលនៅខេត្តមណ្ឌលគិរីសម្រេចបានរហូតដល់ ៩១,២% និងខេត្តរតនគិរីសម្រេចបាន ៥១,៨១% ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ តម្លាភាព និងសន្សំសំចៃបំផុត។

ដើម្បីសម្រេចបាននូវសមិទ្ធផលនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានដាក់ពង្រាយកម្លាំងស្វ័យក្រតកសាងផ្លូវសរុបចំនួន ៨ កងឯកភាព ដោយប្រើប្រាស់រថយន្ត គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទសរុបចំនួន ២៨៦ គ្រឿង។ ក្នុងនោះ នៅភូមិសាស្ត្រខេត្តមណ្ឌលគិរីមានចំនួន ៥ កងឯកភាព ប្រើប្រាស់គ្រឿងចក្រ ២០០ គ្រឿង និងខេត្តរតនគិរីមាន ៣ កងឯកភាព ប្រើប្រាស់គ្រឿងចក្រ ៨៦ គ្រឿង។ ជាកិច្ចចាប់ផ្ដើមដែលមិនអាចខ្វះបាន ការងាររុករកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានសម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៦.០៤០.០០០ ម៉ែត្រការ៉េ ស្មើនឹង ៩៦,៦៤% នៃផ្ទៃដីផែនការសរុប ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយក្នុងនោះក្រុមការងារបានរកឃើញ និងដោះមីនគ្រប់ប្រភេទចំនួន ១០៦ គ្រាប់ រួមមានគ្រាប់ប៊ុបប៊ី ឬគ្រាប់បែកចង្កោមចំនួន ៤៣ គ្រាប់ និងរកឃើញលោហធាតុផ្សេងៗចំនួន ១.០០៦ គីឡូក្រាម។

ចំពោះទិដ្ឋភាពបច្ចេកទេសនៃការស្ថាបនាផ្លូវ ក្រុមការងារសម្រេចបាននូវការឈូសឆាយព្រៃជំហានទី១ ទំហំ ៥ ម៉ែត្រ បានប្រវែង ២៤១,៦០ គីឡូម៉ែត្រ សម្រាប់ការភព្វខ្សែផ្លូវដំបូង និងឈូសឆាយជំហានទី២ ទំហំ ២០ ម៉ែត្រ បានប្រវែង ២១៧,៣០ គីឡូម៉ែត្រ សម្រាប់ការកែសម្រួលផ្លូវ។ បន្ថែមលើនេះ ការងារលុបជ្រលង អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយ សម្រេចបានប្រវែង ១៨៩,៨ គីឡូម៉ែត្រ ខណៈដែលការបាចដីញីដីភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងទំនប់សន្តិភាព និងកសាងផ្លូវសសរសម្រេចបានប្រវែង ១៨៩,៣ គីឡូម៉ែត្រ រីឯការចាក់ក្រាលល្បាយក្រួសភ្នំ និងកិនបង្ហាប់សម្រេចបានប្រវែង ១២០,២០ គីឡូម៉ែត្រ។ ទន្ទឹមនឹងការស្ថាបនាផ្លូវ ក្រុមការងារក៏បានដាំកូនត្នោតដែលជាអត្តសញ្ញាណជាតិបានចំនួន ៩៣៦ ដើម តាមបណ្តោយផ្លូវខ្សែក្រវាត់ព្រំដែនទី១ និងកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦ កន្លែង លើផែនការសរុប ៨ កន្លែង។

ក្រៅពីការកសាងតួផ្លូវ សំណង់សិល្បការ្យជាច្រើនក៏ត្រូវបានបញ្ចប់ជាស្ថាពរ រួមមានលូប្រអប់ចំនួន ២៦ កន្លែង ស្មើនឹង ២៦៥,៨០ ម៉ែត្រ និងការដាក់លូបង្ហូរប្រហោងគ្រប់ប្រភេទចំនួន ២៤៥ កន្លែង។ ជាមួយគ្នានេះ ផ្លូវបេតុងអាមេអាវ៉ាំងរក្សាទឹកប្រើប្រាស់ចំនួន ១១ កន្លែង ប្រវែង ២៣២,៣០ ម៉ែត្រ ត្រូវបានស្ថាបនាជោគជ័យ ដែលក្នុងនោះរួមមានផ្លូវបេតុងអាមេអាវ៉ាំងចំនួន ៥ កន្លែង ប្រវែង ១៨០ ម៉ែត្រ ទំនប់បេតុងអាមេអាវ៉ាំងចំនួន ៦ កន្លែង ប្រវែង ៥២,៣០ ម៉ែត្រ និងសានបេតុងចំនួន ១ កន្លែង ប្រវែង ១៨ ម៉ែត្រ។

ក្នុងទិសដៅបន្ត ក្រុមការងារចំពោះកិច្ច ក.គ.ម កំពុងខិតខំជំរុញការងារកសាងផ្លូវ និងសំណង់មុខទឹកក្នុងខេត្តមណ្ឌលគិរីឱ្យបាន ១០០% យ៉ាងយូរបំផុតត្រឹមខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ ទន្ទឹមនឹងនោះ ការងារពន្លឿនការចាក់ក្រាលល្បាយក្រួស ជាពិសេសក្នុងតំបន់ភូមិសាស្ត្រលំបាក និងការត្រួតពិនិត្យបច្ចេកទេសដើម្បីធានាគុណភាព ភាពធន់ និងសោភ័ណភាព ក៏កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបានតាមផែនការដែលបានគ្រោងទុកជូនជាតិ និងប្រជាជន៕

Share.