កំពង់ធំ៖ ក្នុងបរិបទលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន អាជ្ញាធរឃុំកកោះ ស្រុកសន្ទុក រួមជាមួយមន្ទីរពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ បានបន្តជំរុញ និងគាំទ្រកសិករនៅភូមិជ័យជំនះ ឃុំកកោះ អភិវឌ្ឍរបរចិញ្ចឹមបង្កងធម្មជាតិ ដើម្បីបង្កើនប្រាក់ចំណូល និងបង្កើតឱកាសទីផ្សារក្នុងសហគមន៍។






បច្ចុប្បន្ន នៅភូមិជ័យជំនះ មានកសិករចំនួន ៤ គ្រួសារ បានរួមគ្នាបង្កើតជាក្រុមចិញ្ចឹមបង្កងធម្មជាតិ ដោយរៀបចំផែនការចិញ្ចឹមបណ្ដាក់គ្នា ដើម្បីឱ្យមានផលបង្កងផ្គត់ផ្គង់ទីផ្សារបានជាបន្តបន្ទាប់ រៀងរាល់ថ្ងៃ និងរៀងរាល់ខែ ទាំងក្នុងតំបន់ និងក្រៅខេត្ត។


ស្ត្រីជាកសិករឈ្មោះ សេង ហុង បានឲ្យដឹងថា បច្ចុប្បន្នគាត់មានស្រះចិញ្ចឹមបង្កងចំនួន ២ ស្រះ លើផ្ទៃដីប្រមាណ ៧៥ អារ។ ស្រះទីមួយអាចប្រមូលផលបានជាង ១០០ គីឡូក្រាម និងលក់អស់ទាំងស្រុង។ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៦ គាត់បានចាប់ផ្តើមប្រមូលផលពីស្រះទីពីរ ដែលអាចលក់បានប្រមាណ ១០ គីឡូក្រាមក្នុងមួយថ្ងៃ។ ទីផ្សារលក់ភាគច្រើនធ្វើតាមបណ្ដាញសង្គម និងមានអតិថិជនមកពីខេត្តសៀមរាប តំបន់ជិតខាង និងក្នុងស្រុកផ្ទាល់។
ទោះបីជាបង្កងធម្មជាតិមានរសជាតិឆ្ងាញ់ និងលក់ក្នុងតម្លៃប្រហែល ១៥ ដុល្លារក្នុងមួយគីឡូក្រាមក៏ដោយ ក្រុមកសិករនៅតែបង្ហាញការព្រួយបារម្ភចំពោះការធានាទីផ្សារយូរអង្វែង ហើយស្នើសុំការគាំទ្របន្ថែមពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។


កសិករបានបញ្ជាក់ថា ការចាប់ផ្តើមរបរនេះ បានទទួលការគាំទ្រពីអង្គការ WorldFish សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម ក្នុងការផ្តល់បច្ចេកទេស ចំណេះដឹង និងប្រព័ន្ធទឹកសម្រាប់ស្រះចិញ្ចឹម។ ជំនាញដែលទទួលបាន អាចជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងអនុញ្ញាតឱ្យកសិករប្រើប្រាស់ដីធ្វើស្រែ ចិញ្ចឹមបង្កង និងដាំបន្លែរួមគ្នា បង្កើតចំណូលច្រើនមុខក្នុងពេលតែមួយ
លោក ចាប ធីន មេឃុំកកោះ បានមានប្រសាសន៍ថា ការចិញ្ចឹមបង្កងត្រូវការប្រព័ន្ធទឹកមានប្រសិទ្ធភាព ដូចជា ប្រឡាយ ទ្វារទឹក និងការផ្លាស់ប្តូរទឹកជាប្រចាំ។ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រ និងការចូលរួមពីមន្ទីរធនធានទឹក បានជួយធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងការចិញ្ចឹមសត្វទឹក។



លោកមេឃុំបានបន្ថែមថា អាជ្ញាធរឃុំមានផែនការរៀបចំស្លាកសញ្ញាបង្ហាញទីតាំងស្រះចិញ្ចឹមបង្កងតាមបណ្តោយផ្លូវជាតិលេខ ៦ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអតិថិជនឲ្យចូលទិញបង្កងស្រស់ពីកសិករដោយផ្ទាល់ ព្រមទាំងគម្រោងកែលម្អផ្លូវចូលសហគមន៍ឲ្យកាន់តែងាយស្រួលនាពេលខាងមុខ។
លោកបានបញ្ជាក់ថា ការសហការរវាងអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងអង្គការដៃគូ គឺជាមូលដ្ឋានសំខាន់ក្នុងការជួយឲ្យរបរចិញ្ចឹមបង្កងធម្មជាតិរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ បើទោះបីបញ្ហាទីផ្សារនៅតែជាបញ្ហាប្រឈមក៏ដោយ។
អត្ថបទ៖ កំពង់ធំ

