ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បង្ហាញពីការតវ៉ា និងការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានចូលមកបោះទីតាំង និងដាក់បន្លាដីក្នុងទឹកដីកម្ពុជា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។
យោងតាមសេចក្តីប្រកាសហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់រាំងស្ទះដល់ការចូលទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ។ សកម្មភាពរបស់ភាគីថៃ រួមមាន៖
- ការចូលមកបោះទីតាំងក្នុងទឹកដីកម្ពុជាដោយខុសច្បាប់។
- ការដាក់រាយបន្លាលួសចំនួន ៣ ជួរ។
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសកម្មភាពនេះថាជា “ការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា”។ ក្រសួងបានសង្កត់ធ្ងន់ថា ទង្វើនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់បរិយាកាសសន្តិសុខនៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង៖
- បង្កជាភាពតានតឹង និងរាំងស្ទះដល់ការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋស៊ីវិលទៅកាន់ទីលំនៅ និងទ្រព្យសម្បត្តិរបស់ពួកគេ។
- បំពានលើស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីខែធ្នូ ឆ្នាំ២០២៥។
- បំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

បើតាមក្រសួងការបរទេសកម្ពុជា ទោះបីជាមានការរំលោភបំពាននេះក៏ដោយ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចា និងការគោរពច្បាប់អន្តរជាតិ។ កម្ពុជាបានបញ្ជាក់ជាថ្មីនូវឆន្ទៈក្នុងការកសាងព្រំដែនសន្តិភាព និងមិត្តភាពជាមួយប្រទេសជិតខាងទាំងអស់ ប៉ុន្តែប្តេជ្ញាថា “ព្រំដែនមិនត្រូវមានការផ្លាស់ប្តូរដោយកម្លាំងបាយឡើយ”៕


អត្ថបទ៖ត្រយង
