ព្រះវិហារ ៖ រថយន្តដឹកជ្រូកមួយគ្រឿង ដែលឈ្នួញដឹកចេញពីប្រទេសឡាវ ចូលមកកម្ពុជា ដោយគ្មានលិខិតអនុញ្ញាត ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងអធិការដ្ឋានស្រុករវៀង ចាប់ឃាត់នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ការចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ ខាងលើនេះធ្វើឡើងកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកម្លាំងសម្ថកិច្ចឃាត់រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ សណ្តោងរ៉ឺម៉កដឹកជ្រូករស់ចំនួន១៦០ក្បាល ដែលឈ្មួញនាំចេញពីប្រទេសឡាវ ចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្ត ។

ក្នុងការពិនិត្យជាក់ស្តែងឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ។ ក្រោយឃាត់បាន មន្ត្រីជំនាញបាននាំយកសត្វជ្រូក ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធី ៕


