ក្នុងបរិបទដែលស្ថានភាពព្រំដែនកម្ពុជា-ថៃ កំពុងស្ថិតក្នុងក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រជាជនខ្មែរគ្រប់រូប ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញមកផ្ដល់នូវសេចក្ដីសង្ឃឹម និងគោលជំហរយ៉ាងច្បាស់លាស់មួយ។ ក្នុងជំនួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សាររបស់សម្ដេចធិបតីមិនត្រឹមតែជាការលួងលោមផ្លូវចិត្តពលរដ្ឋនោះទេ ប៉ុន្តែគឺជាការកំណត់ទិសដៅយុទ្ធសាស្ត្រជាតិ ការពារទឹកដីដោយភាពឈ្លាសវៃ និងកសាងជាតិដោយចំណេះដឹង។

សម្ដេចធិបតី បានទទួលស្គាល់នូវតថភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ដែលជានិច្ចកាលតែងមានការព្រួយបារម្ភ ខឹងសម្បារ ឬភ័យខ្លាចចំពោះបញ្ហាព្រំដែន។ ទោះជាយ៉ាងណា សម្ដេចបានបញ្ជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលមិនដែលបោះបង់កាតព្វកិច្ចការពារទឹកដី និងអាយុជីវិតប្រជាជនសូម្បីតែមួយវិនាទីឡើយ។ ការដោះស្រាយបញ្ហាព្រំដែន គឺជាកិច្ចការដែលត្រូវធ្វើឡើងដោយភាពហ្មត់ចត់ ផ្អែកលើច្បាប់អន្តរជាតិ និងយន្តការសន្តិវិធី ដើម្បីធានាបាននូវឧត្តមប្រយោជន៍ជាតិយូរអង្វែង ជៀសវាងការប្រើប្រាស់អារម្មណ៍ដែលនាំទៅរកហានិភ័យ។
ទន្ទឹមនឹងការដោះស្រាយបញ្ហាព្រំដែនដែលជាកិច្ចការចំពោះមុខ សម្ដេចធិបតីបានរំលឹកថា អនាគតរបស់ប្រទេសជាតិ គឺផ្សារភ្ជាប់ជាមួយអនាគតរបស់យុវជន។ ទឹកដីដែលរឹងមាំ ចាំបាច់ត្រូវមានម្ចាស់ទឹកដីដែលរឹងប៉ឹងទាំងចំណេះដឹង និងសុខភាព។ ការអំពាវនាវឱ្យយុវជនងាកមកពង្រឹងសមត្ថភាព រៀនជំនាញឱ្យត្រូវនឹងតម្រូវការទីផ្សារការងារ និងការរៀបចំគោលនយោបាយតម្រង់ទិសតាំងពីថ្នាក់ទី៩ និងទី១០ គឺជាយុទ្ធសាស្ត្រចាក់គ្រឹះដ៏សំខាន់បំផុត។
តាមរយៈការលើកទឹកចិត្តដល់សិស្សនិទ្ទេស A ជាង ៣០០០ នាក់ សម្ដេចធិបតីចង់បង្ហាញថា អាវុធដ៏មានឥទ្ធិពលបំផុតក្នុងការអភិវឌ្ឍ និងការពារជាតិក្នុងសម័យទំនើបនេះ គឺធនធានមនុស្ស។ បើពលរដ្ឋមានចំណេះដឹងខ្ពស់ សេដ្ឋកិច្ចនឹងរីកចម្រើន ហើយនៅពេលសេដ្ឋកិច្ចមានភាពឯករាជ្យ អធិបតេយ្យភាពជាតិក៏កាន់តែមានភាពរឹងមាំទ្វេដង។
សាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងព្រឹកថ្ងៃនេះ គឺជាការដាស់តឿនឱ្យយុវជនជាទំពាំងស្នងឬស្សីគ្រប់រូបមានភាពអត់ធ្មត់ និងជឿជាក់លើកិច្ចការការពារព្រំដែនតាមរយៈផ្លូវច្បាប់ និងកិច្ចការរដ្ឋបាល។ ទន្ទឹមនឹងនោះ ត្រូវបង្វែរថាមពល និងការយកចិត្តទុកដាក់មកលើការកសាងសមត្ថភាពខ្លួនឯង។ នៅពេលយុវជនម្នាក់ៗមានចំណេះដឹង មានជំនាញច្បាស់លាស់ និងមានសុខភាពមាំមួន នោះគឺជាការចូលរួមការពារ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរុងរឿង និងមានឥទ្ធិពលនៅលើឆាកអន្តរជាតិយ៉ាងពិតប្រាកដ៕

