សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា គោលការណ៍របស់រាជរដ្ឋាភិបាលយ៉ាងដូច្នេះថា ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និង ទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត៣ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦ ថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និង ទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

ហេតុដូចនេះ, កម្ពុជាប្រកាន់ជំហរដាច់ខាត ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន ទាំងទៅអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមាន ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬ តាមរយៈការប្រើប្រាស់កម្លាំង។

បន្ថែមពីនេះ សម្តេចថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ដែលកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយគ្នា ជាពិសេសការចុះវាស់វែងតាមយន្ដការគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌របស់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរៀងៗខ្លួន៕

អត្ថបទ៖ត្រយង

Share.