តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កម្ពុជាបានចាប់ផ្តើមដើមឆ្នាំ២០២៦ ជាមួយនឹងសញ្ញាវិជ្ជមានយ៉ាងខ្លាំងក្លាក្នុងវិស័យវិនិយោគ តាមរយៈកិច្ចប្រជុំច្រកចេញ-ចូលតែមួយលើកទី២ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ CDC បានបង្ហាញឱ្យឃើញនូវទំនុកចិត្តរបស់អ្នកវិនិយោគ តាមរយៈការពិនិត្យលើគម្រោងថ្មីៗចំនួន ៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៤២៣ លានដុល្លារអាមេរិក។

ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងកញ្ចប់វិនិយោគថ្មីនេះ គឺភាពចម្រុះនៃមុខសញ្ញាវិនិយោគ ដែលកម្ពុជាមិនមែនផ្អែកតែលើវិស័យកាត់ដេរមួយមុខទៀតនោះទេ ប៉ុន្តែបាននិងកំពុងឈានជើងយ៉ាងស្វាហាប់ទៅកាន់៖
១.ឧស្សាហកម្មកម្រិតខ្ពស់ រួមមាន ការផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក និងបរិក្ខារអគ្គិសនី ដែលជាសញ្ញានៃការកើនឡើងនូវកម្លាំងពលកម្មជំនាញ។ ២.វិស័យទេសចរណ៍លំដាប់ខ្ពស់ មានដូចជា គម្រោងសណ្ឋាគារផ្កាយ៥ ដែលមានបន្ទប់រហូតដល់ជាង ១,៣០០ បន្ទប់ បញ្ជាក់ពីការរំពឹងទុកនូវការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ។ និង៣.កសិ-ឧស្សាហកម្មទំនើប ដែលមាន ការបង្កើតកសិដ្ឋានបណ្តុះមេផ្សិត និងការវេចខ្ចប់ស្ដង់ដារនាំចេញ ដែលជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក ជាដើម។
ជាមួយនឹងការបង្កើតឱកាសការងារថ្មីប្រមាណ ៥,០០០ កន្លែង គម្រោងទាំងនេះមិនត្រឹមតែជួយកាត់បន្ថយការធ្វើចំណាកស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចែកចាយផលចំណេញទៅកាន់បណ្តាខេត្តនានាដូចជា តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង ក្រៅពីការប្រមូលផ្តុំតែក្នុងរាជធានីភ្នំពេញ។
ភាពជោគជ័យនៃកិច្ចប្រជុំក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វុទ្ធី បានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃយន្តការសម្របសម្រួលរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយនីតិវិធីស្មុគស្មាញ និងការផ្តល់សេវាបែបប្រមូលផ្តុំ បានក្លាយជាមេដែកយ៉ាងសំខាន់ក្នុងការទាក់ទាញទុនបរទេស ក្នុងបរិបទដែលការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់កំពុងមានភាពស្រួចស្រាល់។
សូមជម្រាបថា គម្រោងវិនិយោគទាំង ៩ នេះ គឺជាសក្ខីភាពនៃស្ថិរភាពនយោបាយ និងភាពអំណោយផលនៃច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលជាជំហានដ៏រឹងមាំមួយទៀតក្នុងការរុញច្រាននាវាសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបាននូវចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលអនាគត៕

