កំពត៖ ផ្លូវជាតិលេខ៣៣ (ខេត្តកំពត–ច្រកលក) កំពុងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ ដែលមានសម្រស់ល្អត្រកាល និងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។
ផ្លូវនេះជួយជំរុញការដឹកជញ្ជូនកសិផល និងផលិតផលក្នុងតំបន់ រួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដែលជាព្រំដែនកម្ពុជា–វៀតណាម។




សូមជម្រាបថា ផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧ គីឡូម៉ែត្រ ចាប់ផ្តើមពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតដល់ច្រកលក រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។ គម្រោងនេះត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៥សង់ទីម៉ែត្រ និង ៧សង់ទីម៉ែត្រ ព្រមទាំងផ្លូវបេតុងសរសៃដែក កម្រាស់ ២៣សង់ទីម៉ែត្រ មានទទឹងសរុប ១១ម៉ែត្រ។
គម្រោងបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
ការអភិវឌ្ឍផ្លូវជាតិលេខ៣៣ មិនត្រឹមតែជួយកាត់បន្ថយពេលវេលាធ្វើដំណើរ និងថ្លៃដើមដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខ្សែសង្វាក់សំខាន់ក្នុងការជំរុញពាណិជ្ជកម្ម ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចព្រំដែន និងលើកស្ទួយសក្តានុពលទេសចរណ៍ខេត្តកំពតផងដែរ៕
ប្រភព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន
