ភ្នំពេញ៖ ក្រសួងកិច្ចការនារី សហការជាមួយ អង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូពាក់ព័ន្ធ កំពុងអនុវត្តគម្រោង «ក្មេងស្រីដឹកនាំសកម្មភាព» នៅក្នុងខេត្តស្ទឹងត្រែង រតនគីរី និងសៀមរាប ចំនួន ៤០ សហគមន៍ ដើម្បីពង្រឹងភាពអង់អាច និងសមត្ថភាពភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងស្រី្តវ័យក្មេង ក្នុងការទទួលបានការអប់រំ និងការអភិវឌ្ឍខ្លួន។

គម្រោងនេះមានគោលបំណងជួយឱ្យក្មេងស្រីក្លាយជាបុគ្គលរឹងមាំ អាចដោះស្រាយឧបសគ្គពាក់ព័ន្ធនឹងយេនឌ័រ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍។

សូមចុចអាន៖ ផ្លូវជាតិលេខ៣៣ កំពត–ច្រកលក លើកកម្ពស់សេដ្ឋកិច្ច និងភ្ជាប់ពាណិជ្ជកម្មព្រំដែន

នៅថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង បានដឹកនាំក្រុមការងារ ចុះទស្សនកិច្ចសិក្សានៅសហគមន៍គោលដៅខេត្តសៀមរាប ព្រមទាំងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តក្នុងរយៈពេល ៦ខែខាងមុខ។

កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារក្រសួងកិច្ចការនារី អង្គការភ្លែនអន្តរជាតិ មន្ទីរកិច្ចការនារីខេត្តគោលដៅទាំង៣ អង្គការអនុវត្តគម្រោង និងតំណាងយុវតី–យុវជនក្នុងគម្រោង។

បច្ចុប្បន្ន ក្លឹបយុវជន និងក្លឹបក្មេងស្រី ចំនួន ៤០ ក្នុងខេត្តទាំងបី កំពុងដំណើរការដឹកនាំចលនាពង្រឹងភាពអង់អាចក្មេងស្រី ក្នុងភាពជាអ្នកដឹកនាំ និងជំរុញការចូលរួមរបស់ក្មេងប្រុសក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងសហគមន៍របស់ខ្លួន។

ប្រភព៖ ក្រសួងកិច្ចការនារី

Share.