ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើការថ្លែងការណ៍បច្ចុប្បន្នភាពអំពីស្ថានភាពវិវឌ្ឍន៍ចុងក្រោយនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានបង្ហាញពីកង្វល់យ៉ាងខ្លាំងចំពោះស្ថានភាពជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា។ បើទោះបីជាមានកិច្ចព្រមព្រៀងជាហូរហែយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការឈ្លានពាន នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយ ដោយសារតែកងទ័ពថៃនៅតែបន្តដាក់របាំងបន្លាលួស និងទូកុងតឺន័ររារាំងផ្លូវ រួមទាំងការគំរាមកំហែងដល់សន្តិសុខ ដែលបង្កឱ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែង និងធ្វើឱ្យកុមាររាប់ពាន់នាក់បាត់បង់ឱកាសសិក្សារៀនសូត្រ។

ស្ថានភាពដ៏លំបាកនេះ បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ រួមមានអង្គទូត អង្គការអន្តរជាតិ និងអ្នកសារព័ត៌មានបរទេសជាច្រើន។ ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងតំណាងអង្គការ UNICEF បានចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដោយបាននាំយកនូវជំនួយសម្ភារៈ និងការគាំទ្រផ្នែកស្មារតី។ សហភាពអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់នូវជំហរឈរជាមួយកម្ពុជា និងមិនទុកឱ្យពលរដ្ឋកម្ពុជាដែលរងគ្រោះរស់នៅដោយឯកោនោះឡើយ។ ទន្ទឹមនឹងនេះ វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកត់ត្រានូវរាល់សកម្មភាពរំលោភបំពានទឹកដីពីសំណាក់កងទ័ពថៃ ដែលជាសក្ខីកម្មមិនអាចប្រកែកបានចំពោះមុខច្បាប់អន្តរជាតិ។

បន្ថែមលើសពីនេះ ប្រទេសមហាអំណាច និងប្រទេសជាមិត្តក្នុងតំបន់ ដូចជាសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ក្នុងនាមជាអតីតប្រធានអាស៊ាន ក៏បាននិងកំពុងជំរុញឱ្យមានការគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីបញ្ហាដែលភាគីថៃមិនទាន់បានអនុវត្តតាមសេចក្តីថ្លែងការណ៍រួម ដែលនាំឱ្យហ្វីលីពីនក្នុងនាមជាប្រធានអ្នកសង្កេតការណ៍អាស៊ានបន្ត ប្តេជ្ញាចិត្តដោះស្រាយបញ្ហានេះជាអាទិភាពបំផុត ដើម្បីធានាសន្តិភាពពិតប្រាកដតាមបន្ទាត់ព្រំដែន។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ក្រសួងមហាផ្ទៃ បានបង្ហាញនូវតួលេខដ៏គួរឱ្យបារម្ភថា គិតត្រឹមពេលនេះ នៅមានពលរដ្ឋចំនួន ៨៣.៥៤៦ នាក់ទៀត (ក្នុងនោះមានស្ត្រី ៤៣.៩៦៩ នាក់ និងកុមារ ២៧.៦៦៧ នាក់) ដែលកំពុងស្ថិតក្នុងស្ថានភាពភៀសសឹក និងពុំទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយ។ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ជំហររឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដោយផ្អែកលើខ្សែបន្ទាត់ព្រំដែនស្របច្បាប់ និងខិតខំស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅដោយសុខសាន្តវិញក្នុងពេលឆាប់ៗខាងមុខ៕

Share.