កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការអភិវឌ្ឍផ្លូវ ស្ពាន ទឹក ភ្លើង គឺជាគ្រឹះដ៏សំខាន់ និងជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋក្នុងការកែលម្អជីវភាពរស់នៅ និងជំរុញសេដ្ឋកិច្ចជនបទ។
ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត សៅ ជីវន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទនេះ ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុង ១ កន្លែង ស្ថិតនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ក្រសួងកំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយសារតែការតភ្ជាប់ពីជនបទទៅទីប្រជុំជន មានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ការសាងសង់ ថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគចាំបាច់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការផ្តល់សេវាសាធារណៈ។

ឯកឧត្តមបានបន្ថែមថា ការអនុវត្តការងារនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់វិស័យអាទិភាពចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ មកដល់ពេលបច្ចុប្បន្ន ផ្លូវ និងស្ពានជាច្រើនខ្សែ ត្រូវបានសាងសង់ កែលម្អ និងលើកកម្ពស់តភ្ជាប់គ្នាទូទាំងប្រទេស ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ព្រមទាំងរួមចំណែកទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សៅ ជីវន្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងរដ្ឋបាលឃុំ ឱ្យចូលរួមថែរក្សា និងប្រើប្រាស់សមិទ្ធផលថ្មីដោយការយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងឱ្យអាចប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ៖កំពង់ធំ

