កញ្ញា Lucy Harrison អាយុ ២៣ ឆ្នាំ ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលស្នាក់នៅជាមួយឪពុករបស់នាងក្នុងរដ្ឋតិចសាស់(Texas) បន្ទាប់ពីមានការជែកវែកញែក និងទាស់សម្ដីគ្នារឿងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។ កាលពីខែមករាឆ្នាំមុន Lucy Harrison ដែលជាអ្នកទិញទំនិញផ្នែកម៉ូដ មកពីទីក្រុងWarrington ប្រទេសអង់គ្លេសបានធ្វើដំណើរទៅស្នាក់នៅជាមួយឪពុករបស់នាង គឺលោក Kris Harrison នៅផ្ទះក្នុងទីក្រុង Prosper រដ្ឋតិចសាស់រួមជាមួយមិត្តប្រុសរបស់នាងឈ្មោះ Sam Littler។

នៅថ្ងៃទី ១០ខែមករា ឆ្នាំ ២០២៤ ដែលជាថ្ងៃត្រូវហោះហើរត្រឡប់ទៅផ្ទះវិញ Lucy ត្រូវបានគេបាញ់សម្លាប់។ក្នុងអំឡុងពេលសវនាការស៊ើបអង្កេតនៅតុលាការCheshire មិត្តប្រុសរបស់នាងគឺលោក Littlerបានអះអាងថា មុនពេលមានការបាញ់ប្រហារ Lucy និងឪពុករបស់នាងបាន”ឈ្លោះប្រកែកគ្នាខ្លាំង” អំពីលោក Donald Trump។ Littlerបានបន្តថា អ្នកទាំងពីរជារឿយៗតែងតែមានមតិផ្ទុយគ្នាលើបញ្ហានយោបាយដូចជាការកាន់កាប់កាំភ្លើងជាដើម។

នៅក្នុងជម្លោះនោះ Littler និយាយថា Lucy បានសួរឪពុករបស់នាងថាតើគាត់នឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើនាងត្រូវបានគេរំលោភបំពានផ្លូវភេទ? លោក Kris ត្រូវបានគេចោទប្រកាន់ថាបានឆ្លើយតបថា “គាត់នឹងមិនសូវជាពិបាកចិត្តប៉ុន្មានទេ” ដោយសំដៅទៅលើការដែលមានកូនស្រីពីរនាក់ផ្សេងទៀតរស់នៅជាមួយគាត់។ចម្លើយនេះបានធ្វើឱ្យ Lucy ខឹង និងរត់ឡើងទៅជាន់លើទាំងទឹកភ្នែក។ទោះជាយ៉ាងណាក៏ដោយ Littler អះអាងថា លោក Kris បានកាន់ដៃ Lucy នាំទៅបន្ទប់គេងរបស់គាត់នៅជាន់ផ្ទាល់ដី។ប្រហែល ១៥ វិនាទីក្រោយមក Littler ក៏បានឮសូរសំឡេងផ្ទុះកាំភ្លើងយ៉ាងខ្លាំងនិងឮលោក Kris ស្រែកហៅប្រពន្ធរបស់គាត់។កាលពីខែមិថុនាឆ្នាំមុនគណៈវិនិច្ឆ័យបានសម្រេចមិនចោទប្រកាន់លោក Kris ជុំវិញការស្លាប់របស់ Lucy ទេ។

នៅក្នុងចម្លើយសារភាពរបស់គាត់គាត់បានអះអាងថា គាត់និងកូនស្រីបានមើលព័ត៌មានអំពីបទល្មើសកាំភ្លើងហើយគាត់ក៏បានយកកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិមកបង្ហាញនាងប៉ុន្តែនៅពេលដែលគាត់ “លើកកាំភ្លើងឡើងដើម្បីបង្ហាញនាង” ស្រាប់តែមាន “សំឡេងផ្ទុះយ៉ាងខ្លាំង” ហើយគាត់មិនយល់ថាមានរឿងអ្វីកើតឡើងនោះទេ។
លោក Krisមិនបានចូលរួមសវនាការដោយផ្ទាល់ទេ ប៉ុន្តែបានផ្ញើសារតាមរយៈមេធាវីថាគាត់ទទួលយកផលវិបាកនៃទង្វើរបស់គាត់ទាំងស្រុង។ គាត់បាននិយាយថា៖ “មិនមានថ្ងៃណាដែលខ្ញុំមិនមានអារម្មណ៍ឈឺចាប់ចំពោះការបាត់បង់នេះទេ…ខ្ញុំដឹងថាគ្មានពាក្យសម្ដីណាអាចជួយសម្រាលការឈឺចាប់នេះបានឡើយ”៕

