អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ពី វឌ្ឍនភាពនៃការផ្តល់ជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋភៀសសឹក និងការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ បន្ទាប់ពីមានការរំលោភបំពានពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃនៅតាមតំបន់ព្រំដែន។
យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ពិធីបញ្ចុះបឋមសិលាសាងសង់ជម្រកបណ្តោះអាសន្នត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅក្នុងខេត្តជាប់ព្រំដែន សម្រាប់ទទួលពលរដ្ឋភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន។ បច្ចុប្បន្ន មានពលរដ្ឋប្រមាណ ៧ម៉ឺននាក់ ក្នុងចំណោមជនភៀសសឹកសរុប ៦៤ម៉ឺននាក់ កំពុងស្ថិតក្នុងស្ថានភាពភៀសខ្លួននៅឡើយ។
រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការរៀបចំជម្រកនេះមិនត្រឹមតែផ្តល់កន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរដល់៖
- សុវត្ថិភាព និងសុខុមាលភាព៖ ការរៀបចំបរិស្ថានរស់នៅឱ្យបានសមរម្យ។
- លំនឹងជីវភាព៖ ការផ្តល់ដំណោះស្រាយស្បៀងអាហារ និងតម្រូវការចាំបាច់ប្រចាំថ្ងៃ។
- ការងារការទូត៖ ការបន្តចរចាដើម្បីទាមទារសិទ្ធិឱ្យពលរដ្ឋបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោយការរារាំងដោយខុសច្បាប់ពីភាគីថៃ។
អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការផ្តល់ជម្រកបណ្តោះអាសន្ននេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលបោះបង់សិទ្ធិទាមទារទឹកដី ដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់នោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជំហរដាច់ខាតថា កម្ពុជានឹងប្រើប្រាស់រាល់យន្តការច្បាប់អន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញានានា ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន។

កម្ពុជាបានចេញមុខតវ៉ាជាផ្លូវការប្រឆាំងនឹង៖
- ការរំលោភបំពានដែនអធិបតេយ្យភាព និងការកែប្រែស្ថានភាពសន្តិសុខនៅតំបន់ស៊ីវិល។
- ការពង្រឹងការគ្រប់គ្រងយោធាខុសច្បាប់នៅលើទីតាំងជាក់ស្តែង។
- ការរារាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរក្នុងការរស់នៅលើទឹកដីខ្លួនឯង។
អ្នកនាពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ដែរថា ចំពោះតំបន់ដែលពលរដ្ឋអាចវិលត្រឡប់ទៅវិញបាន អាជ្ញាធរកំពុងពន្លឿនការបោសសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាសុវត្ថិភាពជម្រក។ ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចត្រូវបានបង្កើតឡើងដើម្បីវាយតម្លៃការខូចខាតលើ៖
- សាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាព។
- បណ្តាញផ្លូវថ្នល់ ស្ពាន ទឹកស្អាត និងអគ្គិសនី។
ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវរាល់ការកែប្រែខ្សែព្រំដែនដែលកើតចេញពីការប្រើប្រាស់កម្លាំង និងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ផ្អែកលើផែនទី និងឯកសារប្រវត្តិសាស្ត្រផ្លូវការដែលមានស្រាប់៕
អត្ថបទ៖ត្រយង
