កាលពីថ្ងៃទី១៧ ខែកុម្ភៈ ដែលជាថ្ងៃទីពីរ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ឬថ្ងៃចែកអាំងប៉ាវ មានកើតហេតុការណ៍គ្រោះអកុសលច្រើននៅប្រទេសថៃ ដោយសារតែភ្លៀងធ្លាក់ខ្លាំងអមដោយខ្យល់កន្ត្រាក់ក្នុងតំបន់ជាច្រើននៃខេត្ត Nonthaburi បណ្ដាលឱ្យផ្ទាំងប៉ាណូឃោសនាបោះឆ្នោតនៅតាមកន្លែងខ្លះរបូតហោះចេញ និងបង្គោលភ្លើងជាច្រើនកន្លែងបានរលំ បង្កឱ្យមានការខូចខាត និងការលំបាកដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ប៉ុន្តែក្នុងនោះ សូមលើកយកមកបង្ហាញជូនចំនួន២តែករណីប៉ុណ្ណោះ។

រឿងទីមួយកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែង នៅតំបន់ Khae Rai ឃុំ Bang Kraso ស្រុក Mueang Nonthaburi ដោយខ្យល់ព្យុះបោកបក់ខ្លាំងបណ្ដាលឱ្យផ្ទាំងកញ្ចក់ជញ្ជាំងទំហំធំរបស់ផ្សារទំនើប បាក់រលំសង្កត់លើអតិថិជនដែលកំពុងអង្គុយទទួលទានអាហារនៅតាមតុក្នុងអាហារដ្ឋាន បណ្ដាលឱ្យមានអ្នករងរបួស។ ភ្លាមៗនោះ បុគ្គលិករបស់ផ្សារទំនើបបានប្រញាប់ប្រញាល់បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។
ក្រោយកើតហេតុ បុគ្គលិកផ្សារបានបិទខ្ទប់តំបន់នោះជាបន្ទាន់ ដើម្បីប្រញាប់ប្រញាល់ផ្លាស់ទីកញ្ចក់ និងកម្ទេចកម្ទីដែលបាក់ធ្លាក់ចុះមក មុននឹងឈានទៅដល់ការជួសជុលឡើងវិញ។

ជាមួយគ្នានេះ បុគ្គលិកហាងម្នាក់បានបង្ហើបថា មុនពេលកើតហេតុ មានខ្យល់បោកបក់ខ្លាំងណាស់ បន្ទាប់មកជញ្ជាំងកញ្ចក់ក៏បានរលំសង្កត់ទៅលើក្រុមអតិថិជនដែលកំពុងអង្គុយញ៉ាំអាហារ បណ្ដាលឱ្យមានមនុស្សរងរបួសជាច្រើននាក់។
សេចក្តីរាយការណ៍បន្ថែមថា ក្រោយភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យមានការលិចលង់កម្ពស់ប្រហែល ១០-៣០ សង់ទីម៉ែត្រ ដែលធ្វើឱ្យអ្នកភូមិ និងនិស្សិតត្រូវដើរលុយកាត់ទឹកដើម្បីត្រឡប់ទៅកន្លែងស្នាក់នៅវិញ។





ដោយឡែកមួយករណីទៀត ត្រឹមតែ១៥វិនាទីប៉ុណ្ណោះ ព្យុះរដូវក្ដៅបោកបក់ត្រឹមតែបំផ្លាញផ្ទះទាំងមូល ក្លាយជាគំនរបាក់បែក ដោយសារដើមជ្រៃយក្សអាយុ ១០០ ឆ្នាំ ដួលរលំសង្កត់ពីលើ។
នៅយប់ថ្ងៃទី ១៧ ខែកុម្ភៈ ដដែលនេះ មានសេចក្ដីរាយការណ៍ថា ផ្ទះស្នាក់នៅមួយខ្នងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយពាក់កណ្តាលផ្ទះ ជាពិសេសផ្នែកដំបូលខាងមុខបានបាក់រលំទាំងស្រុង។ ចំណែកឯកន្លែងចតរថយន្ត ត្រូវបានដើមឈើធំមួយដួលសង្កត់ បណ្ដាលឱ្យរថយន្តដែលចតនៅខាងក្នុងរងការខូចខាត និងបែកកញ្ចក់ខាងមុខជាច្រើនផ្ទាំង។



តាមការពិនិត្យឃើញថា ដើមឈើដែលដួលសង្កត់ផ្ទះនោះ គឺជាដើមជ្រៃ ទំហំធំ មានអាយុកាលជាង ១០០ ឆ្នាំ ដែលមានវត្តមាននៅក្នុងតំបន់នេះតាំងពីជំនាន់មុនមកម្ល៉េះ ហើយវាអាចជាដើមឈើដ៏ធំមួយក្នុងចំណោមដើមឈើធំៗបំផុតក្នុងខេត្ត។ ក្រោយកើតហេតុ មន្ត្រីអគ្គិសនីបានចុះមកកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីការពារគ្រោះថ្នាក់ពីការលេចធ្លាយចរន្តអគ្គិសនី និងហេតុការណ៍បន្ទាប់បន្សំផ្សេងៗ។
អ្នកបានឃើញហេតុការណ៍ បានរៀបរាប់ថា នៅពេលកើតហេតុមានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់កួចយ៉ាងខ្លាំងបន្តបន្ទាប់គ្នាប្រហែល ១៥ វិនាទី។ លោកបានឃើញដើមជ្រៃនោះរង្គើខ្លាំងណាស់ មុននឹងដួលរលំចុះមកយ៉ាងលឿន។
ទោះជាយ៉ាងណាក៏ដោយ មិនមានអ្នករងរបួស ឬបាត់បង់ជីវិត ដែលចាត់ទុកថាជាសំណាងដ៏ធំមួយ។ ភ្លាមៗក្រោយកើតហេតុ ម្ចាស់ផ្ទះបានប្រញាប់ជូនដំណឹងដល់មន្ត្រីអគ្គិសនីឱ្យមកកាត់ផ្តាច់ចរន្ត និងត្រៀមសម្របសម្រួលជាមួយសាលាក្រុង ដើម្បីចុះមកកាត់ និងរុះរើដើមឈើដែលដួលសង្កត់ផ្ទះនៅថ្ងៃបន្ទាប់ ព្រោះស្ថានភាពនៅតែគ្រោះថ្នាក់៕

