អនុប្រធានាធិបតីបច្ចុប្បន្នរបស់ហ្វីលីពីន លោកស្រី Sara Duterte បានធ្វើការប្រកាសជាផ្លូវការកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា លោកស្រីនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតអាណត្តិក្រោយ។លោកស្រីបានសង្កត់ធ្ងន់ពីឆន្ទៈមោះមុតក្នុងការ «បូជាគ្រប់បែបយ៉ាង» មិនថាជាកម្លាំងកាយ កម្លាំងចិត្ត ឬអនាគតផ្ទាល់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

ឆន្ទៈរបស់លោកស្រី Sara ត្រូវបានគេមើលឃើញថាជា ការត្រៀមខ្លួនដ៏សំខាន់ ខណៈដែលរដ្ឋធម្មនុញ្ញហ្វីលីពីនកំណត់ឱ្យប្រធានាធិបតីកាន់អំណាចបានត្រឹមតែ ១អាណត្តិ (ស្មើនឹងរយៈពេល៦ឆ្នាំ) តែប៉ុណ្ណោះ ដោយមិនអាចបន្តអាណត្តិទី២បានឡើយ។ លក្ខខណ្ឌនេះមានន័យថា លោកប្រធានាធិបតីបច្ចុប្បន្ន លោក Ferdinand Marcos Jr នឹងត្រូវបញ្ចប់តំណែង ហើយមិនអាចតតាំងជាមួយលោកស្រីនៅក្នុងការបោះឆ្នោតឆ្នាំ២០២៨ បានទេ។



បើតាមរយៈការស្ទង់មតិកន្លងមក លោកស្រី Sara Duterte នៅតែរក្សាបាននូវប្រជាប្រិយភាពខ្ពស់ និងជាបេក្ខជននាំមុខគេម្នាក់ក្នុងចំណោមអ្នកនយោបាយល្បីៗដទៃទៀតរបស់ហ្វីលីពីន។

គួរបញ្ជាក់ថា លោកស្រី Sara គឺជាកូនស្រីរបស់អតីតមេដឹកនាំដ៏មានឥទ្ធិពលគឺ លោក Rodrigo Duterte។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាសឈរឈ្មោះនេះធ្វើឡើងក្នុងស្ថានភាពដ៏រសើប ខណៈដែលឪពុករបស់លោកស្រីកំពុងប្រឈមមុខនឹងចំណាត់ការច្បាប់នៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នាទីក្រុងឡាអេ ពាក់ព័ន្ធនឹងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏ចម្រូងចម្រាសក្នុងអាណត្តិមុន។ មែនទែនទៅ ការប្រកាសរបស់លោកស្រី Sara នេះនឹងធ្វើឱ្យកម្តៅនយោបាយក្នុងតំបន់អាស៊ាន កាន់តែមានភាពកក្រើក ស្របពេលដែលពិភពលោកកំពុងតាមដានមើលថា តើ «ត្រកូល Duterte»ច នឹងអាចត្រលប់មកក្តាប់អំណាចកំពូលម្តងទៀតបានដែរឬទេ៕

