ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅខេត្តបុរីរ៉ាំ ភាគខាងជើងប្រទេសថៃ ខណៈដែលដំរីឈ្មោលមួយក្បាល បានវាយប្រហារម្ចាស់ខ្លួនឯង និងបំផ្លិចបំផ្លាញរថយន្តចំនួន ២គ្រឿង បន្ទាប់ពីវាត្រូវបានគេបង្ខំឱ្យបង្កាត់ពូជជាមួយដំរីញីមួយក្បាលទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ វេលាម៉ោង ១១:៣០ព្រឹក នៅលើវាលស្រែមួយកន្លែងក្នុងស្រុក Satuek។ ដើមឡើយម្ចាស់ដំរីញីម្នាក់ បានជួលម្ចាស់ដំរីឈ្មោលវ័យ ១៩ឆ្នាំមួយក្បាល ដើម្បីមកបង្កាត់ពូជ ហើយកំឡុងពេលដែលម្ចាស់ដំរីឈ្មោល កំពុងព្យាយាមជំរុញឱ្យសត្វដំរីរបស់ខ្លួនបង្កាត់ពូជ សត្វដំរីឈ្មោលនោះក៏ចាប់ផ្តើមបង្ហាញអាការៈមួម៉ៅខ្លាំង ហើយក៏បានងាកមកវាយប្រហារម្ចាស់ខ្លួនឯងតែម្តង។

ក្រៅពីការបង្ករបួសស្នាមលើមនុស្ស សត្វដំរីដ៏កាចសាហាវនេះបានបុកកម្ទេចរថយន្តចំនួន ២គ្រឿងដែលចតនៅក្បែរនោះទៀត។

ទាក់ទិននឹងបញ្ហានេះ មន្ត្រីជំនាញបានចំណាយពេលដល់ទៅ ២ម៉ោង និងប្រើប្រាស់កាំភ្លើងបាញ់ថ្នាំសន្លប់ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ជាលទ្ធផល ម្ចាស់ដំរីឈ្មោលនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ក្នុងអាការៈរងរបួស «ធ្លាយសួត» យ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាម៉ិញ ករណីនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលបង្ហាញពីចំណុចអវិជ្ជមានមួយចំនួនក្នុងវិស័យទេសចរណ៍ និងការគ្រប់គ្រងសត្វព្រៃនៅថៃ ខណៈដែលប្រទេសថៃត្រូវបានគេស្គាល់ថាជា «ដែនដីនៃសត្វដំរី» ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់។ ប៉ុន្តែ ការវាយប្រហារដែលកើតចេញពីការបង្ខិតបង្ខំសត្វបែបនេះ បានបង្កើតជាក្តីបារម្ភដល់ភ្ញៀវអន្តរជាតិអំពីសុវត្ថិភាពនៅតាម «ភូមិដំរី» ឬមជ្ឈមណ្ឌលអភិរក្សនានាក្នុងប្រទេសថៃផងដែរ។

មែនទែនទៅ ការគ្រប់គ្រងសត្វព្រៃនៅក្នុងតំបន់ទេសចរណ៍ ចាំបាច់ត្រូវមានតុល្យភាពរវាង «ការអភិរក្ស» និង «អាជីវកម្ម»។ ប្រសិនបើការគ្រប់គ្រងសត្វដំរីនៅតែមានភាពធូររលុង វានឹងក្លាយជាបញ្ហាធំដែលវានឹងបំផ្លាញទំនុកចិត្តរបស់ភ្ញៀវទេសចរដែលទៅលេងកម្សាន្ដនៅប្រទេសថៃ៕

ប្រភព៖ Bangkok Post

Share.