តាកែវ ៖ ជនសង្ស័យម្នាក់ ជាជនដៃដល់ក្នុងសំណុំរឿងឃាតកម្មសម្លាប់ជនរងគ្រោះ២នាក់ម្តាយកូន ដែលត្រូវជាបងស្រីបង្កើត និងក្មួយប្រុសបង្កើតរបស់ខ្លួន។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៣និង៣៥នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យ ឈ្មោះប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណកឯជនរងគ្រោះទាំង២នាក់ម្តាយកូន ៖ ទី១ ឈ្មោះប៉ាង សុខន ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាបងស្រីបង្កើត និងទី២ ឈ្មោះ ម៉ោង សីម៉ា ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាកូន ហើយក៏ជាក្មួយរបស់ជនសង្ស័យ ដែលរស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៨និង០៥នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ជនសង្ស័យនិងជនរងគ្រោះបានទាស់សម្តីគ្នា ខណៈដែលទាំង២នាក់បងប្អូនកន្លងមកពុំសូវត្រូវគ្នាផង ជនសង្ស័យបានយកទូរស័ព្ទជនរងគ្រោះបោះចោល ហើយប្រដាប់ដោយពូថៅកាប់លើបងស្រី។ ឯក្មួយប្រុសឃើញដូចនេះ ក៏ចូលជួយត្រូវបានជនសង្ស័យបន្តកាប់ បណ្តាលឱ្យស្លាប់ទាំង២នាក់ម្តាយកូន រួចជនសង្ស័យរត់គេចខ្លួនទៅ។

ករណីឃាតកម្មខាងលើ បង្កឱ្យផ្អើលឆោឡោអស់អ្នកស្រុក និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ហើយទីបំផុតចាប់ខ្លួនជនដៃដល់បាននៅវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ខណៈដែលជនសង្ស័យកំពុងជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-6548 រួចនាំយកទៅសាកសួរ និងកសាងសំណុំរឿងនៅការិយាល័យជំនាញ ដើម្បីបញ្ជូនទៅតុលាកាខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.