ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បំភ្លឺជុំវិញករណី ការបង្ហោះវីដេអូលើបណ្តាញសង្គមពីគណនីឈ្មោះ វ៉ាន់ សារ៉ាយ ពាក់ព័ន្ធសំឡេងជនរងគ្រោះម្នាក់ អះអាងថា ត្រូវមន្រ្តីស្តីបន្ទោស ខណៈមកដាក់ពាក្យបណ្តឹងរឿងកម្ចីអនឡាញ។
តាមសេចក្តីជូនដំណឹង នាយកដ្ឋានបានទាក់ទងទៅម្ចាស់សំឡេង ដើម្បីសួរនាំព័ត៌មាន និងសម្របសម្រួលឲ្យមកដាក់ពាក្យបណ្តឹងជាផ្លូវការ។ ចំពោះមន្រ្តីដែលពាក់ព័ន្ធ នាយកដ្ឋានបានអប់រំណែនាំ ឱ្យអនុវត្តការងារតាមក្រមសីលធម៌មន្រ្តីនគរបាលជាតិ។

នាយកដ្ឋានបានថ្លែងអំណរគុណដល់សាធារណជនដែលបានផ្តល់ព័ត៌មាន និងការរិះគន់ក្នុងន័យស្ថាបនា ហើយអះអាងថា នឹងបន្តកែលម្អការអនុវត្តការងារ ដើម្បីបម្រើ និងការពារប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។
លុះនៅថ្ងៃទី១៩ ខែកុមភ្ភៈ ឆ្នាំ២០២៦ ម្ចាស់គណនីដែលបានបង្ហោះវីដេអូ ក៏បានថ្លែងអំណរគុណដល់នាយកដ្ឋាន ចំពោះការអប់រំណែនាំមន្ត្រីពាក់ព័ន្ធ នៅលើបណ្តាញសង្គម និងបញ្ជាក់ថា ការបង្ហោះរបស់ខ្លួនមានបំណងចូលរួមកែលម្អសង្គម មិនមែនមានចេតនាបង្ខូចមន្ត្រីណាម្នាក់ឡើយ។


ពាក់ព័ន្ធករណីកម្ចីអនឡាញនេះ ក្រសួងមហាផ្ទៃ ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធទទួលពាក្យបណ្ដឹងអនឡាញ” (Complaint Submission System – CSS) សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះផងដែរ។

ប្រព័ន្ធនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចដាក់បណ្ដឹង ឬរាយការណ៍អំពីភាពអសកម្មរបស់មន្ត្រីតាមអ៊ីនធឺណិត ដោយបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់លើគេហទំព័រផ្លូវការ។
ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ CSS ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយភាពស្មុគស្មាញ បង្កើនល្បឿនដោះស្រាយបញ្ហា និងអនុញ្ញាតឱ្យថ្នាក់ដឹកនាំអាចតាមដាន និងវាយតម្លៃការអនុវត្តការងាររបស់មន្ត្រីបានយ៉ាងតម្លាភាព និងទាន់ពេលវេលា៕

