ភ្នំពេញ៖ គ្រោះអគ្គិភ័យដ៏រន្ធត់មួយបានលេបត្របាក់ផ្ទះល្វែងលក់នំខេក បណ្ដាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និង ១៧នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងនោះមានមន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យ ៤នាក់ផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮ សម្លេងផ្ទុះចេញពីកាប៊ីនភ្លើង ប្រមាណ ២ ទៅ ៣ ដង។ភ្លាមៗនោះ អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ រួមជាមួយផ្សែងខ្មៅយ៉ាងខ្លាំង ដែលធ្វើឱ្យមនុស្សក្មេងចាស់ជាច្រើននាក់ ជាប់គាំងនៅជាន់ខាងលើនៃផ្ទះកើតហេតុ។

អគ្គិភ័យនេះបានឆាបឆេះផ្ទះចំនួន ១ល្វែងទាំងស្រុង និងរាលដាលដល់ផ្ទះក្បែរខាងចំនួន ០២ល្វែងទៀត។ សម្ភារផលិតនំខេក និងសម្ភារវេចខ្ចប់ជាច្រើនត្រូវបានបំផ្លាញស្ទើរទាំងស្រុង។ នៅក្នុងប្រតិបត្តិការនេះ មានការចូលរួមអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមមាន៖

  • ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
  • រថយន្តជំនួយពីទីក្រុងនរា និងទីក្រុងកោះពេជ្រ
  • រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា
  • រថយន្តរបស់ក្រសួងមហាផ្ទៃ

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់រកមូលហេតុពិតប្រាកដដែលបង្កឱ្យមានគ្រោះអគ្គិភ័យដ៏សាហាវនេះ៕

អត្ថបទ៖តាតុងសែនជ័យ

Share.