ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ និងជម្រាបលាបញ្ចប់អាណត្តិ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបង្ហាញនូវមោទនភាពចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណដល់ភាគីឥណ្ឌូនេស៊ី ដែលតែងតែផ្តល់កិច្ចសហការយ៉ាងស្អិតរមួតក្នុងការដោះស្រាយបទល្មើសទំនើបៗ រួមមាន៖
- ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)
- ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាកំពុងអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះវិធានការនេះ និងបញ្ជាក់ថាឥណ្ឌូនេស៊ីត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួលធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនទៅកាន់ប្រទេសដើមវិញ។

ដោយមើលឃើញពីចំណងវប្បធម៌ និងប្រពៃណីប្រហាក់ប្រហែលគ្នា ភាគីទាំងពីរបានឯកភាពគ្នា៖
- បន្តផ្សព្វផ្សាយរូបភាពវិជ្ជមានអំពីកម្ពុជាទៅកាន់ពិភពលោក។
- ជំរុញលំហូរទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនខ្លាំងក្លា។
- ពង្រឹងកិច្ចសហការលើវិស័យកីឡា ដើម្បីបង្កើនសាមគ្គីភាព និងមិត្តភាព។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចឡើងវិញនូវជំហរដាច់ខាតរបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយដោយសន្តិវិធី និងកិច្ចព្រមព្រៀងសន្តិភាព ដើម្បីសហសន្តិវិជ្ជមានក្នុងតំបន់អាស៊ាន។ ចំណុចនេះត្រូវបានភាគីឥណ្ឌូនេស៊ីគាំទ្រយ៉ាងពេញទំហឹង និងត្រៀមខ្លួនជួយជ្រោមជ្រែងគ្រប់បែបយ៉ាងដើម្បីរក្សាសន្តិភាពក្នុងតំបន់។
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ដែលបានកសាងគ្រឹះយ៉ាងរឹងមាំសម្រាប់ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី លើគ្រប់វិស័យទាំងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕


អត្ថបទ៖ត្រយង
